បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ
សេអ៊ូល៖ នៅថ្ងៃពុធ ទី១៥ ខែមករានេះ ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិ បានរាយការណ៍ថា បុរសម្នាក់បានដុតខ្លួនឯង នៅជិតការិយាល័យស៊ើបអង្កេតអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូង ជាទីកន្លែងដែលប្រធានាធិបតី ដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ ជុំវិញការចោទប្រកាន់ពីបទបះបោរ។
បុរសវ័យ ៦០ឆ្នាំរូបនេះ បានរងរបួសភ្លើងឆេះយ៉ាងធ្ងន់ធ្ងរ និងសន្លប់បាត់ស្មារតី បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ យប់ ម៉ោងក្នុងស្រុក។ ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា បុរសនោះបានស្លាប់ហើយ។
គួរបញ្ជាក់ថា នៅពេលកើតហេតុ មនុស្សរាប់សិបនាក់ដែលតវ៉ាប្រឆាំងនឹងការចាប់ខ្លួនលោក Yoon ពាក់ព័ន្ធនឹងការសម្រេចចិត្តដ៏ចម្រូងចម្រាសរបស់លោក ក្នុងការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ នៅតែបន្តការប្រមូលផ្តុំនៅខាងក្រៅការិយាល័យ។ ការប្រកាសច្បាប់អាជ្ញាសឹកនោះបានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង ធ្លាក់ក្នុងភាពចលាចលនយោបាយយ៉ាងខ្លាំង។