ស្រ្តីជាប់ឃុំ និងស្រ្តីក្នុងឃុំទន្លេបិទ ជាមួយឃុំជីរោទ៍ទី១ នៃស្រុកត្បូងឃ្មុំ សរុបជិត២០០នាក់ បានទទួលចំណេះដឹងស្តីពី “ការរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង”
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីលោកស្រី សានដ្រា ប៊ីនក្លាវ តំណាងអង្គការយូអិនអេហ្វភីអេ (UNFPA) បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយស្រ្តីងាយរងគ្រោះចំនួន១៩៩នាក់ (ក្នុងនោះ មានស្រ្តីជាប់ឃុំនៅពន្ធនាគារមាត់ឃ្មង់ ចំនួន៦៩នាក់, ស្រ្តីនៅមូលដ្ឋានឃុំទន្លេបិទ ចំនួន៦៥នាក់ និងឃុំជីរោទ៍ទី១ ចំនួន៦៥នាក់) ក្នុងគោលបំណងរួមគ្នាលុបបំបាត់ភាពរងហានីភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងនាំយកប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្កការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលជារឿយៗសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមិនដែលប្រកាន់ជាតិសាសន៍ យសសក្ដិ ឬពណ៌សម្បុរអ្វីទេ។ ជាក់ស្ដែងនៅក្នុងឱកាសនេះ គឺសម្ដេចបានចាត់ឱ្យក្រុមការងារជំនាញ ស្វែងរកដៃគូសហការចុះមកជួបសម្ដែងពីក្ដីនឹករលឹកហើយបានបណ្ដុះបណ្ដាលនូវការថែទាំសុខភាពរបស់បងប្អូនក្នុងគោលបំណងកុំឱ្យរងហានីភ័យលើផ្នែកសេវាសុខភាពឱ្យបានគ្រប់ៗគ្នាទោះបីជាស្ថិតនៅក្នុងកាល:ទេស: ឬស្ថានភាពបែបណាក៏ដោយ។
លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនដែលជាមាតាទាំងអស់សូមអញ្ជើញទៅពិនិត្យសុខភាព និងទទួលការព្យាបាលជាមួយលោកគ្រូពេទ្យជំនាញនៅឯមន្ទីរពេទ្យ ឬនៅមណ្ឌលសុខភាពដែលនៅក្បែរលំនៅដ្ឋាន ចៀសវាងការព្យាបាលតគ្នា ឬបែបហូបថ្នាំបុរាណ ព្រោះថាវាអាចបង្កផលលំបាកសម្រាប់សុខភាព ពិបាកក្នុងការព្យាបាលនៅពេលបន្ទាប់ ឬអាចបង្កគ្រោះថ្នាក់ដល់ជីវិតទៀតផង។
ស្ថិតក្នុងដំណើរសួរសុខទុក្ខនេះ លោកស្រី សានដ្រា ប៊ីនក្លាវ ដែលជាតំណាងរបស់អង្គការយូអិនអេហ្វភីអេ បានសម្ដែងនូវសេចក្ដីរីករាយយ៉ាងពន់ពេកចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាដែល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល និងជាពិសេសមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនគ្រប់ទីកន្លែងដោយមិនមានការអាក់ខានបែបនេះគ្រប់ពេលវេលា និងគ្រប់ទីកន្លែងមិនទុកនរណាម្នាក់ចោល។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់ស្រ្តីនីមួយៗរួមមាន៖ អង្ករសុខភាព៤កញ្ចប់ (សម្រាប់ស្ដ្រី១៣០នាក់មកពីឃុំទន្លេបិទ និងឃុំជីរោទ៍ទី១) ឃីតសម្រាប់ស្រ្តី១ឈុត(សារុង២ ក្រមា២ សំឡីអនាម័យ៤កញ្ចប់ សាប៊ូដុសខ្លួន២ដុំ សាប៊ូម្សៅ២គីឡូក្រាម ប័ណ្ណផ្សព្វផ្សាយអំពីវិធីអប់រំការពារសុខភាពស្ត្រីសន្លឹកបត់១ច្បាប់) និងថវិកាចំនួន២០,០០០រៀលផងដែរ៕