សត្វតុកកែប្រភេទថ្មី ត្រូវបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ឯកឧត្តមបន្តថា ប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថាជាប្រភេទថ្មីចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត និង និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ។
ឯកឧត្តម ខ្វៃ អាទិត្យា បន្ថែមថា តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះ មានតែមួយក្បាលតែប៉ុណ្ណោះ ដែលមានការពិបាកក្នុងការប៉ាន់ស្មានអំពីចំនួន ឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ។
ជាមួយគ្នានោះ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញនូវសេចក្តីរីករាយចំពោះការកើតឡើងនូវប្រភេទជីវចម្រុះថ្មីក្នុងតំបន់ការពារធម្មជាតិរបស់យើង ដែលក្នុងនោះបង្ហាញអំពីការការពារបាននូវសម្បត្តិធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ បន្ទាប់ពីបានដាក់ចេញនូវវិធានការ ៤ចំណុចនាពេលកន្លងមក ក៏ដូចជាការពង្រឹង និងការអនុវត្តច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងសម្រាប់មនុស្សជាតិនៅលើភពផែនដីនេះផងដែរ៕