ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ។
ពិធីនេះមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឧត្តមសេនីយ៍ស្នងការ-ស្នងការរងនគរបាលខេត្ត មេបញ្ជាការ-មេបញ្ជាការរងតំបន់ប្រតិ បត្តិការសឹករងក្រចេះ មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក អធិការ-អធិការងនគរបាលក្រុង ស្រុក មេបញ្ជាការ-មេ បញ្ជាការរងផ្នែកសឹករងក្រុង ស្រុក មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត។
នាឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ មន្ត្រីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សមាគម អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ព្រមទាំងអ្នកពាក់ព័ន្ធដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មធ្វើឱ្យរដ្ឋបាលខេត្តរក្សាបានសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈបានល្អ និងសម្រេចបាននូវសមិទ្ធផលសេដ្ឋកិច្ច សង្គមនានាជាច្រើនបន្ថែមទៀតជូនជាតិ និងប្រជាជន។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ការរៀបចំសន្និបាតគឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ធ្វើការពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារដែលរដ្ឋបាលខេត្ត ខិតខំប្រឹងប្រែងសម្រេចបានក្នុងឆ្នាំ២០២៤ និងបញ្ហាប្រឈមដែល នៅសេសសល់ ដើម្បីរួមគ្នាកំណត់ទិសដៅសម្រាប់អនុវត្តសកម្មភាពអាទិភាពនានាដែលបានកំណត់នៅក្នុង កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រនៃកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការរៀបចំសន្និបាតគឺជាឱកាសដ៏សមស្របសម្រាប់មន្ត្រីចូលរួមធ្វើការត្រួតពិនិត្យ និងវាយតម្លៃអំពីលទ្ធផលការងារ និងការវិវត្តន៍ថ្មីៗ ដែលបានខិតខំប្រឹងប្រែងសម្រេចបានដោយផ្អែកតាមក្របខណ្ឌនៃតួនាទីភារកិច្ច ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត កិច្ចសហការសម្របសម្រួលរវាងស្ថាប័នថ្នាក់ជាតិ និងផ្នែកជំនាញនៅថ្នាក់ក្រោមជាតិ។ ការរួមគ្នាពិនិត្យ វាយតម្លៃឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយលើសមិទ្ធផលបទពិសោធន៍ដែលទទួលបាន និងបញ្ហាប្រឈមដែលនៅសេសសល់ គឺជាមូលដ្ឋានដើម្បីកំណត់ទិសដៅក្នុងការជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ នានា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ យុទ្ធសាស្ត្របញ្ចកោណ ប្រកាន់យកទស្សនវិស័យវែងឆ្ងាយ ដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា៥ ដំណាក់កាល ឈាន ឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិ សាស្រ្តចម្បងពីរ៖ (ទី១). ថែរក្សា និងថែបំប៉នសុខសន្តិភាពដែលសម្រេចបានមកដោយលំបាក និង(ទី២). កសាងនិងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ដោយត្រូវខិតខំប្រែក្លាយខ្លួនឱ្យទៅជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក៏នៅមានបញ្ហាប្រឈម ពិសេសបញ្ហាគ្រឿងញៀនខុសច្បាប់ គ្រោះថ្នាក់ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង អំពើហិង្សា ផលិតផលក្លែងក្លាយ ការគ្រប់គ្រងធនធានធម្មជាតិ ការរំលោភបំពានលើដីសាធារណៈរបស់រដ្ឋ និងការដោះស្រាយជម្លោះនានានៅមូលដ្ឋាន ដែលត្រូវរួមគ្នាកំណត់វិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះត្រូវបន្តតាមដានការវិវត្តប្រែប្រួលនៃសភាពការណ៍តំបន់ និងអន្តរជាតិ ព្រមជាមួយនឹងការពង្រឹងសភាពការណ៍ផ្ទៃក្នុង សំដៅដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្តាប់សាធារណៈ សុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ ដើម្បីបង្កបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាបន្តទៀត។ឯកឧត្តម វ៉ា ថន សូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ និងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនក្នុងខេត្តក្រចេះទាំងមូល ដែលបានសហការរួមគ្នាចូលរួមគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិ និងខេត្តក្រចេះផ្ទាល់ ស្របតាមមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះក៏សូមស្នើបន្តយកចិត្តទុកដាក់អនុវត្តនូវតួនាទភារកិច្ចរបស់ខ្លួនឱ្យបានស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាឱ្យបានត្រឹមត្រូវ និងសូមកុំជឿតាមការញុះញងអុជអាលរបស់ក្រុមអគតិទាំងឡាយដែលមានបំណងផ្តួលរំលំរាជ រាជរដ្ឋាភិបាលស្របច្បាប់ ៕