បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”
បច្ចុប្បន្ននេះ នៅមិនដល់មួយសប្ដាហ៍ទៀតទេ រដ្ឋាភិបាលអាមេរិកថ្មីនឹងចូលកាន់អំណាច។ បើមើលពីការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអន្តរជាតិនៅពេលថ្មីៗកន្លងទៅនេះ អ្នកផងទាំងពួងបានរកឃើញថា សំឡេងអំពាវនាវឱ្យចិននិងអាមេរិកធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកលគឺកាន់តែខ្លាំងឡើងៗ ។ ឧទាហរណ៍ដូចជា កាសែត《The Independent 》របស់រុស្ស៊ីបានចេញផ្សាយបទអត្ថាធិប្បាយថា ប្រទេសធំៗទាំងពីរចិននិងអាមេរិករាប់អានគ្នាដោយសន្តិភាព វានឹងមានអំណោយផលដល់ទូទាំងពិភពលោក ។ កាសែត《Daily Times》របស់ប៉ាគីស្ថានបានយល់ឃើញថា កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកមានអំណោយផលដល់ការជំរុញឱ្យភាគីទាំងពីរឆ្លើយតបនឹងបញ្ហាប្រឈមសកល និងបង្កើនសុខសុភមង្គលរបស់ប្រជាជនទូទាំងពិភពលោក ។
ក្នុងបរិបទនាពេលបច្ចុប្បន្នដែលពិភពលោកកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង តើចិននិងអាមេរិកនឹងស្របទៅតាមក្ដីរំពឹងទុករបស់ភាគីនានានិងរួមគ្នារ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំៗយ៉ាងដូចម្ដេច ខណៈពេលប្រឈមមុខនឹងបញ្ហាថា ឱនភាពសន្តិភាព ឱនភាពអភិវឌ្ឍន៍និងឱនភាពអភិបាលកិច្ចបានកើនឡើងជាបន្តបន្ទាប់?
ប្រវត្តិសាស្ត្រជាសៀវភៅបង្រៀនដ៏ល្អបំផុត ។ នៅរយៈពេល៨០ឆ្នាំមុន ប្រទេសទាំងពីរចិននិងអាមេរិកបានរួមគ្នាប្រយុទ្ធជាមួយប្រទេសដែលស្រឡាញ់សន្តិភាពទាំងអស់លើពិភពលោក ទទួលបានជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ។ នៅ៨០ឆ្នាំក្រោយនាពេលបច្ចុប្បន្ន វិបត្តិអ៊ុយក្រែននិងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជាដើមបានបន្តរីករាលដាលនិងបង្កជាផលប៉ះពាល់ចំពោះតំបន់ខាងក្រៅ សន្តិភាពនិងសន្តិសុខពិភពលោកជួបនឹងបញ្ហាប្រឈមដ៏តានតឹង ។ បើនិយាយចំពោះចិននិងអាមេរិក ការមិនប៉ះទង្គិចគ្នា មិនធ្វើបដិបក្ខគ្នានិងរួមរស់នៅជាមួយគ្នាដោយសន្តិភាពក៏ជាការរួមចំណែកចំពោះសន្តិភាពរបស់មនុស្សជាតិដែរ ។
ការអភិវឌ្ឍជាការធានារបស់សន្តិភាព ។ ពេលកើតមានវិបត្តិហិរញ្ញវត្ថុអន្តរជាតិកាលពីជាង១០ឆ្នាំមុន ចិននិងអាមេរិកធ្លាប់រួមជាមួយរដ្ឋសមាជិកផ្សេងទៀតនៃប្រទេស G២០ អូសសេដ្ឋកិច្ចពិភពលោកឱ្យចេញពីវិបត្តិ ។ បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកគឺខ្វះកម្លាំងគ្រប់គ្រាន់សម្រាប់ងើបឡើងវិញ ការអភិវឌ្ឍប្រឈមមុខនឹងអតុល្យភាព ។ បរិមាណសរុបនៃសេដ្ឋកិច្ចចិននិងអាមេរិកគឺលើសពី១ភាគ៣នៃពិភពលោកទាំងមូល ដូច្នេះ ប្រទេសទំាងពីរមានទំនួលខុសត្រូវហើយក៏មានសមត្ថភាពរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក ដែលជំរុញឱ្យសេដ្ឋកិច្ចពិភពលោកមានកំណើន ។
អភិបាលកិច្ចជាវិស័យមួយទៀតដែលចិននិងអាមេរិករ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំ ។ រំលឹកឡើងវិញប្រវត្តិសាស្រ្តជាង៤០ឆ្នាំបន្ទាប់ពីចិននិងអាមេរិកបង្កើតទំនាក់ទំនងការទូតមក ពីការពួតដៃគ្នាវាយបង្ក្រាបភេរវកម្មបន្ទាប់ពីហេតុការណ៍ “១១កញ្ញា” ដល់ការរួមគ្នាប្រយុទ្ធប្រឆាំងនឹងវីរុស Ebola រហូតដល់ការរួមគ្នាជំរុញការចុះហត្ថលេខាលើ《កិច្ចព្រមព្រៀងក្រុងប៉ារីស》 ចិននិងអាមេរិកបានសហការគ្នាសម្រេចបាននូវបុព្វហេតុធំៗមួយហើយមួយទៀត ។ កាលពីខែតុលាឆ្នាំ២០២៤ មូលនិធិសន្តិភាពអន្តរជាតិ Carnegie ដែលជាធនាគារគំនិតអាមេរិកបានចេញផ្សាយរបាយការណ៍មួយក្រោមចំណងជើងថា 《ទំនាក់ទំនងចិន-អាមេរិកនៅឆ្នាំ២០៣០៖ចក្ខុវិស័យឆ្ពោះទៅរកការរួមរស់នៅជាមួយគ្នា》 ដោយលើកឡើងថា “ពីការគ្រប់គ្រងវិបត្តិអាកាសធាតុដល់ការតាក់តែងបទដ្ឋានស្ដីពីបញ្ញាសិប្បនិម្មិត រហូតដល់ការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរនិងបង្ការជំងឺឆ្លងដែលរីករាលដាលនៅទូទាំងពិភពលោកលើកក្រោយ ទូទាំងពិភពលោកសុទ្ធតែនឹងទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិក ។”
ប៉ុន្តែ ទង្វើនៃរដ្ឋាភិបាលអាមេរិកបច្ចុប្បន្ននេះគឺគួរឱ្យពិភពលោកព្រួយបារម្ភ ។ កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២៥ រដ្ឋាភិបាលអាមេរិកប្រកាសវិធានការគ្រប់គ្រងការនាំចេញពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ដើម្បីរឹតបន្ដឹងការនាំចេញផលិតផលដូចជាបន្ទះឈីបបញ្ញាសិប្បនិម្មិតជាដើមថែមមួយកម្រិតទៀត ហើយក៏បង្កជាឧបសគ្គរារាំងចំពោះការដែលភាគីទីបីធ្វើពាណិជ្ជកម្មជាប្រក្រតីជាមួយចិនដែរ ។ នេះគឺដើរបញ្ច្រាសពីគំនិតឯកភាពរួមខាងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដែលចិននិងអាមេរិកបានព្រមព្រៀងគ្នានោះ ដែលនឹងប៉ះពាល់ដល់ស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល រារាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសកល និងគ្មានអំណោយផលដល់ការច្នៃប្រឌិតថ្មីនិងការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាឡើយ ។
ដូច្នេះ ក្នុងពិភពលោកដ៏ច្របូកច្របល់ បើសិនជាចិននិងអាមេរិកចង់រ៉ាប់រងទំនួលខុសត្រូវជាប្រទេសធំ មុនដំបូងភាគីទាំងពីរត្រូវធ្វើការប្រាស្រ័យទាក់ទងដ៏ល្អប្រសើរ និងមិនធ្វើបាបគ្នា។ នេះមិនខុសអ្វីពីកាលពី៨០ឆ្នាំមុនដែលចិននិងអាមេរិកបានរួមគ្នាតស៊ូប្រយុទ្ធ នៅ៨០ឆ្នាំក្រោយ ប្រឈមមុខនឹងបម្រែបម្រួលដែលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំ ប្រទេសទាំងពីរចិននិងអាមេរិកនៅតែត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ប្រជាជននិងពិភពលោកទាំងមូលដដែល ធ្វើកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ជំរុញ“ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក” ដើម្បីបំពេញបន្ថែមភាពប្រាកដប្រជានិងផ្តល់ថាមពលវិជ្ជមានដល់ពិភពលោកដែលកំពុងមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំង ៕