ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប
ភ្នំពេញ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករង លោកប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត នៃអគ្គនាយកដ្ឋានរដ្ឋបាល និងឯកឧត្តមអភិបាលរងខេត្តសៀមរាប នាយករដ្ឋបាលសាលាខេត្ត ក្រុមការងារជំនាញនាយកដ្ឋាន ក្រុមការងារជំនាញ នៃទីចាត់ការទទួលបន្ទុករៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក អភិបាល អភិបាលរងក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ៦០នាក់ ស្រី៤នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើការរៀបចំនិមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកនៃខេត្តសៀមរាប មុននឹងដាក់សេចក្ដីព្រាងប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីពិនិត្យ សម្រេច និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ក្រោយពីបានស្ដាប់ការធ្វើបទបង្ហាញនិមិត្តសញ្ញាក្រុង ស្រុក ទាំង១៣ នៃខេត្តសៀម រួចមក ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍ណែនាំនូវចំណុចខ្វះខាតមួយចំនួនលើការរៀបចំនិមិត្តសញ្ញានេះ ដោយត្រូវផ្ដោតលើកត្តាទីតាំងប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងការអភិវឌ្ឍរីកចំរើនសមិទ្ធផលដែលកើតមានឡើងនៅក្នុងមូលដ្ឋានតាមក្រុង ស្រុក នីមួយៗ រួមទាំងកត្តាសំខាន់ៗដ៏ទៃផ្សេងទៀតដែលជាស្ថានភាពជាក់ស្ដែង នៃទីតាំងភូមិសាស្រ្ត។
ឯកឧត្តម អគ្គនាយក ក៍បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់អភិបាល អភិបាលរងក្រុង ស្រុក ដែលបានធ្វើបទបង្ហាញនិមិត្តសញ្ញាក្នុងថ្ងៃនេះ ត្រូវរៀបចំធ្វើការកែសម្រួលឡើងវិញឱ្យបានត្រឹមត្រូវតាមការសម្រេចរបស់អង្គប្រជុំ និងត្រូវរៀបចំឯកសារឱ្យបានរួសរាន់ផ្ញើមកក្រសួងមហាផ្ទៃ ដើម្បីពិនិត្យសម្រចរៀបចំប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ៕