លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤
ភ្នំពេញ៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា វឌ្ឍនភាពដ៏ល្អនៃកានាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជាបង្ហាញពីសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចកម្ពុជា ស្ថិរភាពសង្គម និងបរិបទស្តង់ដាការងារសមរម្យ។
ការលើកឡើងបែបនេះបន្ទាប់ពី ទិន្នន័យពាណិជ្ជកម្មចុងក្រោយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) របស់កម្ពុជា ទទួលបានចំណូល ១៣,៧៤ ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង ២៣,៧៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ និន្នាការកើនឡើងនេះត្រូវបានគេរំពឹងថានឹងបន្តនៅឆ្នាំ២០២៥នេះ ផងដែរ។
អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា កំណើននៃការនាំចេញរបស់ប្រទេសកម្ពុជានៅពេញមួយឆ្នាំនេះក៏ព្រោះតែមានកត្តាចូលរួមជាច្រើនទៀត ក្នុងនោះកត្តាខាងក្រៅមួយចំនួន ដូចជាភាពតានតឹងពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក និងបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដែស វាបានជួយជំរុញឱ្យបរទេសមានការបញ្ជាទិញពីប្រទេសកម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាជាប្រទេសដែលកំពុងមានស្ថិរភាពនយោបាយ និងមានការអនុលោមតាមកម្រិតការងារខ្ពស់ផងដែរ។
លោកអគ្គលេខាធិការរងនៃសមាគម TAFTAC បានលើកឡើងបន្ថែមទៀតថា តាមរយៈលទ្ធផលផ្លែផ្កានៃការនាំចេញសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនេះដែរ លោកសង្ឃឹមយ៉ាងមុតមាំថា វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងមានភាពរឹងមាំ និងបន្តដំណើរការយ៉ាងល្អប្រសើរ ដែលនឹងបន្តក្លាយជាកត្តាលីករជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកាន់តែល្អមួយកម្រិតទៀត។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញ បញ្ហានៅប្រទេសបង់ក្លាដេស និងការងាកចេញពីវិស័យកាត់ដេររបស់ប្រទេសមួយចំនួននៅក្នុងតំបន់ បានធ្វើឱ្យការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើររបស់ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៅពេញមួយឆ្នាំ២០២៤។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានគូសបញ្ជាក់បន្ថែមថា វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅប្រទេសកម្ពុជាមានភាពធន់ ហើយបន្តភាពរឹងមាំរបស់ខ្លួន ពីព្រោះបរិយាកាសនៃការវិនិយោគ និងបរិបទការងារនៅប្រទេសកម្ពុជាល្អប្រសើរ។ លើសពីនេះទៀត លោកបានពន្យល់ថា វិស័យមួយនេះបានចូលរួមចំណែកបង្កើតការងាររាប់លាននាក់នៅក្នុងស្រុក ក្នុងនោះក៏មានអ្នកទទួលបានអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចដោយប្រយោលផងដែរ ដូចជាកំណើននៃការដឹកជញ្ជូន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។
ពាក់ព័ន្ធនឹងការប្រកួតប្រជែងនៅក្នុងតំបន់ លោកអគ្គលេខាធិការរងនៃសមាគម TAFTAC ធ្លាប់បានគូសបញ្ជាក់ផងដែរថា តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារ ក្នុងឆ្នាំ២០២៥ ប្រសិនបើប្រៀបធៀបជាមួយប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា គឺប្រទេសកម្ពុជាមានតួលេខប្រាក់ឈ្នួលអប្បបរមារៀងខ្ពស់ជាងគេបន្តិច។ ទន្ទឹមនេះ ប្រទេសកម្ពុជានៅតែអាចរក្សាបាននូវកម្រិតប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសទាំងនោះក្នុងកម្រិតការវិនិយោគលើវិស័យដូចគ្នាផងដែរ។ ទន្ទឹមនេះ តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញគោលនយោបាយយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ ២០២២-២០២៧ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងធ្វើកំណែរទម្រង់លើសេវាសាធារណៈ និងការកាត់បន្ថយការចំណាយផ្សេងៗក្នុងការធ្វើធុរកិច្ចនោះ កម្ពុជានៅតែរក្សាភាពរឹងមាំ និងរក្សាបានកំណើនវិនិយោគលើវិស័យមួយនេះ៕