រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពការងាររួមមាន៖ (១). សសរស្តម្ភយុទ្ធសាស្រ្តទាំង៨ នៃវិស័យអធិការកិច្ច, (២). វឌ្ឍនភាពរបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង និង (៣). អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច និងការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងអធិការកិច្ចជាច្រើនរូប និងមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអធិការកិច្ចទាំង២៥ រាជធានី ខេត្ត តាមប្រព័ន្ធអនឡាញ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្ដែងនូវការអបអរសាទរចំពោះ អនុក្រឹត្យ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ដែលត្រូវបានចុះហត្ថលេខាដាក់ឱ្យអនុវត្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្រ្តីរាជការ ដែលបានចូលរួមរៀបចំអនុក្រឹត្យនេះជាបន្តបន្ទាប់កន្លងមកឱ្យទទួលបានជោគជ័យនាពេលនេះ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដាំផ្ញើនូវការនឹករលឹក និងបានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារជាបន្តបន្ទាប់របស់មន្ទីរអធិការកិច្ចទាំង២៥ រាជធានី ខេត្ត និងបានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរអធិការកិច្ចទាំងអស់ដែលបានខិតខំបំពេញតួនាទី ព្រមទាំងសហការជាមួយក្រសួង និងស្ថាប័ន្ធពាក់ព័ន្ធប្រកបទៅដោយភាពរលូន និងសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងឆ្នាំកន្លងទៅនេះ។
ជាមួយគ្នានេះផងដែរ ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំទទួលបន្ទុកគណៈកម្មការរៀបចំសន្និបាត និងគណៈកម្មការចំពោះកិច្ចទាំង ៨ បានផ្ដល់នូវរបាយការណ៍វឌ្ឍនភាព រួមមានបញ្ហាប្រឈម ដំណោះស្រាយ និងផែនការសកម្មភាពនានា។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់នូវអនុសាសន៍ណែនាំដើម្បីជំរុញធ្វើយ៉ាងណាឱ្យការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួង ក៏ដូចជាការរៀបចំឯកសារនៃសសរស្តម្ភទាំង៨យុទ្ធសាស្រ្ត របស់ក្រសួងឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង និងមន្ទីរអធិការកិច្ចរាជធានីខេត្តទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម, ចូលរួមគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន, ប្រកាន់ខ្ជាប់ខ្ជួននូវសាមគ្គីភាពផ្ទៃក្នុង, រក្សាឱ្យបាននូវភាពស្អាតស្អំក្នុងនាមជាមន្រ្តីអធិការកិច្ច និងបន្តពង្រឹងសមត្ថភាពខ្លួនឯង និងមន្រ្តីក្រោមឱវាទជាប់ជាប្រចាំ ៕