មនុស្ស ១៤០០នាក់ អាចត្រូវបានសម្លាប់នៅក្នុងប្រទេសបង់ក្លាដែស ក្នុងការបង្ក្រាបការតវ៉ាដឹកនាំដោយនិស្សិតប្រឆាំងអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែង
ហ្សឺណែវ៖ កាលពីថ្ងៃពុធទី១២កុម្ភៈ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សរហូតដល់១៤០០នាក់អាចត្រូវបានសម្លាប់នៅក្នុងប្រទេសបង់ក្លាដែស នៅក្នុងការបង្ក្រាបលើការតវ៉ាមួយដែលដឹកនាំដោយនិស្សិតប្រឆាំងអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែង។
នៅក្នុងរបាយការណ៍ថ្មីមួយ ការិយាល័យដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវបង្ហាញថា សេវាសន្តិសុខ និងចារកម្ម បានចូលរួមជាប្រព័ន្ធក្នុងការរំលោភសិទ្ធិដែលអាចឈានដល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទាមទារឱ្យមានការស៊ើបអង្កេតបន្ថែម។ដោយ លើក ឡើង ពីប្រភព គួរ ឱ្យ ទុក ចិត្ត ផ្សេងៗ ការិយាល័យ សិទ្ធិ មនុស្ស បាន ប៉ាន់ ស្មាន ថា មនុស្ស រហូត ដល់១៤០០នាក់ អាច ត្រូវ បាន សម្លាប់ នៅ ក្នុង ការ តវ៉ា រវាង ថ្ងៃ ទី១៥ ខែ កក្កដា និង ថ្ងៃ ទី៥ ខែ សីហា ជា ថ្ងៃ ដែល នាយក រដ្ឋមន្ត្រី លោកស្រី ស៊ីក ហាស៊ីណា បាន ភៀស ខ្លួន ទៅ ប្រទេស ឥណ្ឌា ចំពេល មាន ការ បះបោរ។
របាយការណ៍បន្តថា មនុស្សរាប់ពាន់នាក់ទៀតបានរងរបួសក្នុងប៉ុន្មានសប្តាហ៍នៃការតវ៉ា ហើយភាគច្រើននៃអ្នកស្លាប់ និងរបួស ត្រូវបានបាញ់ប្រហារដោយកងកម្លាំងសន្តិសុខរបស់ប្រទេសបង់ក្លាដែស។មនុស្សជាង១១៧០០នាក់ត្រូវបានឃុំខ្លួន។ ប្រហែល១២ទៅ១៣ភាគរយនៃមនុស្ស ដែលត្រូវបានគេប៉ាន់ប្រមាណថា ត្រូវបានសម្លាប់ ឬប្រហែល១៨០នាក់ គឺជាកុមារ។
ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក វ៉ុលឃឺរ ទួក លើកឡើងថា ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន និងការធ្វើទារុណកម្ម ត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំនយោបាយ និងមន្ត្រីសន្តិសុខកំពូល ជាមធ្យោបាយមួយដើម្បីបង្ក្រាបការតវ៉ា។ ក្រុមស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបង់ក្លាដែស តាមការអញ្ជើញរបស់មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេស គឺ លោក មូហាំម៉ាត់ យូនុស ដែលទទួលបានជ័យលាភីរង្វាន់ណូបែលសន្តិភាព ដើម្បីពិនិត្យមើលការបះបោរ និងការបង្ក្រាបដោយហិង្សា។
ក្រុមអ្នកស៊ើបអង្កេតនិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នត្រូវបានគេរាយការណ៍ថាបានចាប់ខ្លួនមនុស្ស១០០នាក់ ពាក់ព័ន្ធនឹងការវាយប្រហារលើក្រុមសាសនា និងជនជាតិដើមភាគតិច។ បើតាមការិយាល័យអង្គការសហប្រជាជាតិ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសបង់ក្លាដែស បន្តជាក្ដីបារម្ភ។ អ្នកស៊ើបអង្កេតបានចេញអនុសាសន៍ជាច្រើនដល់រដ្ឋាភិបាល ដូចជាជំហានដើម្បីកែលម្អប្រព័ន្ធយុត្តិធម៌ និងការបង្កើតកម្មវិធីការពារសាក្សី។
ក្រុមអ្នកស៊ើបអង្កេតក៏បានផ្តល់អនុសាសន៍ផងដែរក្នុងការហាមឃាត់ការប្រើប្រាស់អាវុធដ៏សាហាវ ដោយកងកម្លាំងសន្តិសុខដើម្បីបំបែកក្រុមមនុស្ស លុះត្រាតែពួកគេប្រឈមមុខនឹងការគំរាមកំហែងនៃការស្លាប់ ឬរបួសធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីរបាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយ លោក យូនុស បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់គាត់ក្នុងការលើកកម្ពស់នីតិរដ្ឋ ហើយបាននិយាយថា វាមានសារសំខាន់ណាស់ក្នុងការធ្វើកំណែទម្រង់ការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌របស់ប្រទេស៕