កម្ពុជាចូលរួមអបអរសាទរចំពោះសាធារណរដ្ឋប្រជុំកោះម៉ាស្សល ដែលបានដាក់ពាក្យស្នើសុំចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា
ភ្នំពេញ៖ កម្ពុជា តាងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ សូមចូលរួមអបអរសាទរចំពោះសាធារណរដ្ឋប្រជុំកោះម៉ាស្សល (Marshall Islands) ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ដែលបានដាក់ពាក្យស្នើសុំចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ស្របតាមការអំពាវនាវរបស់កម្ពុជា ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន កាលពីឆ្នាំ២០២៤ កន្លងនេះ។ នេះជាការលើកឡើងក្នុងគេហទំព័រ X របស់ Anti-Personnel Mine Ban Convention កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។
ការឆ្លើយតបរបស់ប្រជុំកោះម៉ាស្សល ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការជំរុញធ្វើសាកលភាវូបនីយកម្មឱ្យរដ្ឋមិនទាន់ក្លាយជារដ្ឋភាគី ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ជាពិសេសជំរុញលើកទឹកចិត្តឱ្យតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន។
ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ក្នុងការជំរុញឱ្យមានសកលភាវូបនីយកម្មនៃអនុសញ្ញា ដើម្បីកៀរគរឱ្យប្រជុំកោះម៉ាស្សលក្លាយជារដ្ឋភាគី តាមរយៈកំណត់ទូត កិច្ចប្រជុំទ្វេភាគីជាច្រើនលើក វេទិការUNESCAP វេទិការកោះប៉ាស៊ីហ្វិក និងការស្វែងរកកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីប្រទេសជាមិត្តទាក់ទងនឹងប្រទេសដែនកោះនានាក្នុងតំបន់ប៉ាស៊ីហ្វិកជាដើម។
សូមញ្ជាក់ថា ប្រជុំកោះម៉ាស្សល គឺជាប្រទេសគោលដៅមួយក្នុងចំណោមប្រទេសមិនទាន់ជារដ្ឋភាគីទាំង ៣៣ ដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីបញ្ចុះបញ្ចូលឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញា។ ប្រជុំកោះម៉ាស្សល តែងតែបង្ហាញបំណងចង់ធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពរបស់មនុស្ស ស្របតាមទិដ្ឋភាពមនុស្សធម៌នៃអនុសញ្ញាអូតាវ៉ា៕