សម្ដេចធិបតី៖ ក្រោមម្លប់នៃសុខសន្តិភាពកម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាពកម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើនល្បឿន នៃការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញស្រោស្រង់ ព្រះសុគន្ធវារី ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្ដេចព្រះសង្ឃ នាយករង និងសម្ដេចចំនួន៦ព្រះអង្គ នៅវត្តបទុមវតី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតីលើកឡើងថា កត្តាសុខសន្តិភាពនេះ ក៏បាន ផ្តល់លទ្ធភាពឱ្យពុទ្ធបរិស័ទយើងធ្វើបុណ្យសុន្ទរ៍ទាន តាមសេចក្តីប្រាថ្នា និងបើកឱកាសឱ្យយើងបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
សម្តេចធិបតីបន្ថែមថា ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ៕