សម្ដេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ ក្នុងវិស័យធម្មការ និងសាសនា
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗគួរឱ្យកត់សម្គាល់ ក្នុងវិស័យធម្មការ និងសាសនា។
ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញស្រោស្រង់ ព្រះសុគន្ធវារី ថ្វាយ និងប្រគេនសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃ នាយក សម្ដេចព្រះសង្ឃ នាយករង និងសម្ដេចចំនួន៦ព្រះអង្គ នៅវត្តបទុមវតី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំរៀបចំពិធីនេះ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងប្រកបដោយសទ្ធាជ្រះថ្លា, ញ៉ាំងឱ្យព្រះរាជពិធីនេះ មានភាពអធិកអធម ស័ក្តិសមនឹងព្រះកិត្តិគុណ របស់សម្តេចជាអម្ចាស់គ្រប់ព្រះអង្គ។
សម្តេចធិបតី បានបន្ថែមថា ព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារីនាថ្ងៃនេះ ក៏ជាសក្ខីកម្មថ្មីមួយទៀត នៃការរីកចម្រើនខាងព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋកម្ពុជាបាន និងកំពុងរស់នៅ ប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ៕