សម្តេចធិបតី៖ វិស័យឯកជននៅតែជាកត្តាសំខាន់ក្នុង ការជំរុញសេដ្ឋកិច្ច និងការងារនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា វិស័យឯកជននៅតែជាកត្តាសំខាន់ក្នុង ការជំរុញសេដ្ឋកិច្ច និងការងារនៅកម្ពុជា ។
ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ មីនានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាបន្តកើនឡើង បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានថមថយ គឺក្នុងរង្វង់ជាង ៥% រហូតព្យាការណ៍កើនដល់ ៦,៥% ក្នុងឆ្នាំ២០២៥នេះ។ ប៉ុន្ដែរាជរដ្ឋាភិបាលមិនអាចមើលតែលេខមូលនោះទេ គឺត្រូវពិនិត្យមើលនៅតាមវិស័យនីមួយៗដើម្បីធ្វើយ៉ាងណាឱ្យគ្រប់វិស័យទាំងអស់មានភាពរីកចម្រើនទាំងអស់គ្នា។
សម្ដេចមហាបវរធិបតី លើកឡើងថា នៅអំឡុងជួបវិបត្តិកូវីដ វិស័យឯកជនបានដើរតួនាទីសំខាន់នៅក្នុងការធានាលំនឹងសេដ្ឋកិច្ច។
សម្ដេចធិបតីរម្លឹកបន្ថែមថា កាលពីអំឡុងចាប់ផ្ដើមកាន់តំណែងនាយករដ្ឋមន្ត្រីជាលើកដំបូង សម្ដេចមានការបារម្ភខ្លាំងចំពោះបញ្ហាសេដ្ឋកិច្ច ដោយសារពិភពលោកទាំងមូលទើបបានធូរស្រាលពីវិបត្តិកូវីដ តែក៏កំពុងប្រឈមនឹងវិបត្តិមួយចំនួន យ៉ាងនេះក្ដីក៏កម្ពុជានៅតែរក្សាបានលំនឹងសេដ្ឋកិច្ចតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនៅក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រនានា ដែលធ្វើឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់។
សម្តេចធិបតី បានលើកឡើងទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិ កាលរដ្ឋសភានេះ គឺដាក់ចេញនូវគោលនយោបាយការទូតសេដ្ឋកិច្ច ដោយជំរុញវិស័យឯកជនឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ខណៈវិស័យឯកជននេះហើយគឺជាកត្តាជំរុញសេដ្ឋកិច្ច និងការងារដល់កម្ពុជា ៕