មន្ត្រីអាមេនី និងអាស៊ែបៃហ្សង់ យល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះជិត ៤ទសវត្សរ៍រវាងប្រទេសអតីតសហភាពសូវៀតទាំង២
បាគូ៖ មន្ត្រីអាមេនី និងអាស៊ែបៃហ្សង់ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី១៣ មីនាថា ប្រទេសទាំងពីរយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះជិតបួនទសវត្សរ៍រវាងប្រទេសអតីតសហភាពសូវៀតទាំង២។
ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០ លើតំបន់ Nagorno-Karabakh ជាតំបន់មួយក្នុងប្រទេសអាស៊ែបៃហ្សង់ មានប្រជាជនភាគច្រើនជាជនជាតិអាមេនី បានផ្តាច់ខ្លួនចេញពីអាស៊ែបៃហ្សង់ ដោយមានការគាំទ្រពីអាមេនី។ ក្រសួងការបរទេសអាមេនី បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពជាមួយអាស៊ែបៃហ្សង់ ត្រូវបានបញ្ចប់ពីខាងខ្លួន។ សេចក្តីថ្លែងការណ៍បន្តថា៖«កិច្ចព្រមព្រៀងសន្តិភាពបានត្រៀមខ្លួនជាស្រេចសម្រាប់ការចុះហត្ថលេខា។ សាធារណរដ្ឋអាមេនីបានត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមការពិគ្រោះយោបល់ជាមួយសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅថ្ងៃ និងទីកន្លែងនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង»។
ដោយឡែក នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសរបស់ប្រទេសអាស៊ែបៃហ្សង់ បរិយាយថា៖«យើងកត់សម្គាល់ដោយការពេញចិត្តដែលការចរចាលើអត្ថបទនៃសេចក្តីព្រាងកិច្ចព្រមព្រៀង ស្តីពីសន្តិភាព និងការបង្កើតទំនាក់ទំនងអន្តររដ្ឋរវាងអាស៊ែបៃហ្សង់ និងអាមេនីត្រូវបានបញ្ចប់»។ ទោះជាយ៉ាងណា ពេលវេលាកំណត់សម្រាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺមានភាពមិនច្បាស់លាស់ ខណៈអាស៊ែបៃហ្សង់លើកឡើងថា តម្រូវការចម្បងរបស់ខ្លួន គឺការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញរបស់ប្រទេសអាមេនី ដែលទាមទារទឹកដីរបស់អាស៊ែបៃហ្សង់។ អាមេនី បដិសេធការអះអាងបែបនេះ ប៉ុន្តែនាយករដ្ឋមន្ត្រី នីកូល ផាស៊ីនយ៉ាន (Nikol Pashinyan) អំពាវនាវម្ដងហើយម្ដងទៀតឱ្យមានការផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី បានដកស្រង់សម្តីលោក ផាស៊ីនយ៉ាន ដែលបានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងនេះ នឹងរារាំងបុគ្គលមកពីប្រទេសទីបី ពីការតាំងទីនៅតាមព្រំដែនអាមេនី-អាស៊ែបៃហ្សង់។
ការផ្ទុះឡើងនៃអរិភាពនៅចុងទសវត្សរ៍ឆ្នាំ១៩៨០ បានជំរុញឱ្យមានការបណ្តេញជនជាតិ Azeris ម៉ូស្លីមពីប្រទេសអាមេនី និងជនជាតិអាមេនីជាច្រើននាក់ពីអាស៊ែបៃហ្សង់។ ការចរចាសន្តិភាពបានចាប់ផ្តើមបន្ទាប់ពីអាស៊ែបៃហ្សង់ ដណ្តើមយកទីក្រុង Karabakh មកវិញដោយកម្លាំងយោធានៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ដោយបង្ខំឱ្យជនជាតិអាមេនីចំនួន១សែននាក់រស់នៅក្នុងទឹកដីនេះ ភៀសខ្លួនទៅកាន់ប្រទេសអាមេនី។ ប្រទេសទាំងពីរចង់ចុះហត្ថលេខាលើសន្ធិសញ្ញាមួយ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ ប៉ុន្តែការវិវឌ្ឍមានភាពយឺតយ៉ាវ ហើយទំនាក់ទំនងកាន់តែតានតឹង។ ព្រំដែនរួមចម្ងាយ ១០០០គីឡូម៉ែត្ររបស់ពួកគេត្រូវបានបិទ ហើយមានការដាក់ពង្រាយយោធាយ៉ាងតឹងរ៉ឹង៕