ក្រសួងធម្មការ៖ ការរៀបចំក្រុមជំនុំព្រះត្រៃបិដកឡើងវិញ គឺមិនមានចេតនាលុបបំបាត់ គុណូបការៈនិងស្នាព្រះហស្ត របស់ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើមនោះទេ
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា នាថ្ងៃទី១៤ មីនា បានសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា ការរៀបចំឡើងវិញនូវ ក្រុមជំនុំព្រះត្រៃបិដក គឺមិនមានចេតនាលុបបំបាត់ គុណូបការៈនិងស្នាព្រះហស្តឬស្នាដៃរបស់ ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើមនោះទេ ។
ក្រសួងបានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ភិក្ខុផលធរោ ផុន ភក្តី បានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក (FACEBOOK) របស់ព្រះអង្គឈ្មោះ ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី ដោយបានលើកឡើងពីខ្លឹមសារក្នុង លិខិតលេខ ៤០៨ សជណ.អវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា សូមប្រគេននិងជម្រាបជូនដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសាធារណជន ជ្រាបថា «ការរៀបចំឡើងវិញនូវ ក្រុមជំនុំព្រះត្រៃបិដក គឺមិនមានចេតនាលុបបំបាត់ គុណូបការៈនិងស្នាព្រះហស្តឬស្នាដៃរបស់ ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើមនោះទេ ផ្ទុយទៅវិញការរៀបចំ ក្រុមជំនុំព្រះត្រៃបិដក ឡើងវិញ គឺក្នុងគោលបំណងដើម្បីបន្តថែរក្សានូវគុណតម្លៃព្រះត្រៃបិដកខ្មែរ និងសមិទ្ធផល របស់ក្រុមជំនុំព្រះត្រៃបិដក ជំនាន់ដើម ព្រមទាំងបន្តឆន្ទៈក្នុងការពង្រឹងនិងផ្សព្វផ្សាយព្រះពុទ្ធវចនៈរបស់ ព្រះសម្មាសម្ពុទ្ធ ដែលមានសម្តែងទុកនៅក្នុងគម្ពីរព្រះត្រៃបិដក»។
ជាក់ស្តែង នៅក្នុងស្មារតីនៃខ្លឹមសារលិខិតលេខ ៤០៨ សជណ.អវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដើម្បីរៀបចំពិធីបុណ្យខួបទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក អមដោយការសូធ្យគម្ពីរព្រះត្រៃបិដកខ្មែរ ៣ឬ៥ថ្ងៃ ហើយជារៀងរាល់៥ឆ្នាំម្តង ត្រូវរៀបចំពិធីសូធ្យគម្ពីរព្រះត្រៃបិដក ដោយមានការសហការជាមួយ គណៈសង្ឃនាយកទាំងពីរគណៈ ៕