សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានអញ្ជេីញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា “ជូនដល់មន្ត្រីរាជការ និងបុគ្គលិក ជាវិស្វករគ្រប់ជំនាញ នៅតាមមន្ទីរ អង្គភាព គ្រឹះស្ថាន ក្រុមហ៊ុន។
សិក្ខាលានេះមានការនិមន្ត និងអញ្ជេីញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំង៣ ឯកឧត្តម លោក ស្រី ប្រធានមន្ទីរ-អង្គភាពនានា ជុំវិញខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោកស្រីនាយកទីចាត់ការផែនការវិនិយោគសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត សាកលវិទ្យា ធិការរងសាកលវិទ្យាល័យស្វាយរៀង ព្រះសង្ឃ លោកគ្រូ អ្នគ្រូ សិស្ស និស្សិត សរុបប្រមាណ២៥០នាក់។
មានមតិស្វាគមន៍ទៅកាន់ពិធីនេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តបានថ្លែងថា ក្នុងនាមអាជ្ញាធរដែនដីនៃខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច ខិតខំប្រឹងប្រែង ដោយយកអស់ពីកម្លាំងកាយចិត្តរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជា ប្រយោជន៍ដល់ការធ្វើនីតិកម្មសម្រាប់លើកកំពស់វិជ្ជាជីវៈវិស្វកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅ ក្នុងខេត្តស្វាយរៀងទាំងមូល។
ឯកឧត្តម បន្តថា ការអភិវឌ្ឍន៍ជាតិ និងសមាហរណកម្មសេវាវិស្វកម្មតាមស្មារតីនៃកិច្ចព្រមព្រៀងទទួល ស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មក្នុងតំបន់អាស៊ាន ដែលប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យនោះ ចាំបាច់ត្រូវមានមូលដ្ឋានគតិយុត្ត និងធនធានបញ្ញវន្តវិស្វករជាតិប្រកបដោយគុណភាពស្តង់ដារ មួយដែលអាចទទួលយកបាន។ ដូច្នេះហើយបានជាគណៈវិស្វករកម្ពុជាតម្រូវឱ្យមានការចុះបញ្ជីវិស្វករនៅ គណៈវិស្វករកម្ពុជា ព្រោះជាកិច្ចការមួយដ៏សំខាន់ហេីយយើងអាចព្យាករណ៍ដឹងពីបរិមាណ និងគុណភាព។
ឯកឧត្តម សុខុម រិទ្ធីវុធ បានបញ្ជាក់ថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធម៌វិជ្ជាជីវៈវិស្វកម្មជាតិ ត្រូវបានបង្កើតឡើងតាម ព្រះរាជក្រឹត្យលេខ នស/រកត/០៤០៩/៤១៣ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៩ ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើសេវាវិស្វកម្មឆ្លងដែន ក្នុងគោលបំណងចំបងគឺការប្រមូលផ្តុំធនធានបញ្ញវន្តវិស្វករដោយការចុះបញ្ជី និងផ្តល់ការអភិវឌ្ឍសមត្ថភាពប្រតិបត្តិជំនាញវិជ្ជាជីវៈ ដើម្បីធានាឱ្យការប្រកបវិជ្ជាជីវៈវិស្វកម្មមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថិរភាព និងការ ទទួលខុសត្រូវខ្ពស់ រួមទាំងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងផ្ទៃក្នុងវិស្វកម្ម ថ្នាក់ជាតិ និងអន្តរជាតិ។
ឯកឧត្តមបន្ថែមថា វិស្វករ ជាធនធានបញ្ញវន្តវិស្វកម្មជាតិ និងជាកំលាំងចលករមិនអាចខ្វះបាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព ដែលតម្រូវឱ្យវិស្វករមានការសិក្សាស្វែង យល់ និងតាមឱ្យទាន់នូវការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត។ នៅនីតិកាលទី៧ នៃ រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសគណៈវិស្វករកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ឱ្យអនុវត្តស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដោយបានផ្តល់អាទិភាពខ្ពស់ ក្នុងការអភិវឌ្ឍមូលធនមនុស្សលើ មុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងបរិវត្តកម្មឌីជីថល ដែលជាកាលានុវត្តភាពថ្មី ក្នុង ការបង្កើនប្រសិទ្ធភាព និងផលិតភាពឱ្យកាន់តែប្រសើរឡើង៕