បទវិភាគ៖បុគ្គលឈ្មោះវីលៀម ឡៃកាន់តែព្រហើន ក៏កាន់តែឆាប់វិនាស បុគ្គលឈ្មោះ វីលៀម ឡៃ មេដឹកនាំតំបន់តៃវ៉ាន់របស់ចិនដែលហៅខ្លួនថាជា “សកម្មជននៃកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យពិតៗ”បានព្រលយពាក្យសម្ដីយ៉ាងព្រហើនម្តងទៀត។
កាលពីថ្ងៃទី១៣ខែមីនា បុគ្គលរូបនេះបានថ្លែងសុន្ទរកថាបន្ទាប់ពីបើកធ្វើអ្វីដែលហៅថា “សន្និសីទថ្នាក់ដឹកនាំជាន់ខ្ពស់ខាងសន្តិសុខជាតិ” ដែលផ្សព្វផ្សាយម្តងទៀតនូវពាក្យសម្តីខុសទំនងបែបអបគមន៍និយមដែលថា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មិនស្ថិតនៅក្រោមការគ្រប់គ្រងទៅវិញទៅមកទេ ដោយអះអាងថា “តំបន់តៃវ៉ាន់ជាប្រទេសប្រជាធិបតេយ្យមួយដែលមានអធិបតេយ្យភាពនិងឯករាជ្យភាព” ឃោសនាបំប៉ោងពី “ការគំរាមកំហែងធំទាំង៥”នៃចិនដីគោក ហើយដាក់ចេញអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧”។ពាក្យសម្តីបង្ករឿងហេតុដែលខុសទំនងនេះបានបដិសេធទាំងស្រុងនូវ “គំនិតឯកភាពរួមឆ្នាំ១៩៩២” ប៉ុនប៉ងកាត់ផ្តាច់ការផ្លាស់ប្តូររវាងត្រើយទាំងសងខាងទាំងស្រុង គឺជាសេចក្តីប្រកាសដែលប្រកបដោយ “ភេរវកម្មបៃតង”សុទ្ធសាធ ។ វាបានបង្ហាញពីធាតុពិតដ៏អាក្រក់ដែលប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការផ្លាស់ប្តូរនិងប្រឆាំងនឹងប្រជាធិបតេយ្យ ដែលនឹងជំរុញតំបន់តៃវ៉ាន់ឱ្យធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម ។
ចំណុចដែលអាក្រក់បំផុតនៃសុន្ទរកថានេះគឺចាត់ទុកចិនដីគោកជា “កម្លាំងអរិភាពក្រៅប្រទេស” ។ បើប្រៀបធៀបនឹង “ទ្រឹស្តីរដ្ឋពីរថ្មី”ដែលបុគ្គលឈ្មោះ វីលៀម ឡៃបានឃោសនាបំប៉ោងកាលពីមុន គឺកាន់តែមានកម្រិតខ្លាំងក្នុងការចង់ឱ្យតៃវ៉ាន់ឯករាជ្យថែមទៀត ។ អ្នកវិភាគបានលើកឡើងថា បុគ្គលឈ្មោះ វីលៀម ឡៃបង្ក “ភេរវកម្មបៃតង”យ៉ាងគឃ្លើន បំផ្លាញលំហផ្លាស់ប្តូររវាងត្រើយទាំងសងខាងច្រកសមុទ្រ គាបសង្កត់សេរីភាពបញ្ចេញមតិនៃតំបន់តៃវ៉ាន់ វាមិនខុសអ្វីពីការរុញច្រានឱ្យតំបន់តៃវ៉ាន់វិលត្រឡប់មកសភាពអាជ្ញាសឹកនៅសតវត្សរ៍មុន ។ បើអនុវត្តអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” នោះក៏នឹងដឹកនាំតំបន់តៃវ៉ាន់ឱ្យឆ្ពោះទៅកាន់ផ្លូវមរណៈ។
ក្នុងរយៈពេលជិត១០ខែបន្ទាប់ពីបានឡើងកាន់មុខតំណែង បុគ្គលឈ្មោះ វីលៀម ឡៃអសមត្ថភាពគ្រប់គ្រង បំផ្លាញផលប្រយោជន៍តំបន់តៃវ៉ាន់ឥតឈប់ឈរ ដែលនាំឱ្យប្រជាជនតំបន់តៃវ៉ាន់បញ្ចេញសំឡេងរិះគន់យ៉ាងខ្លាំង ។ បុគ្គលឈ្មោះ វីលៀម ឡៃបានឃោសនាបំប៉ោងជាបន្តបន្ទាប់ថា ចិនដីគោកជិតនឹងបង្រួបបង្រួមតៃវ៉ាន់ដោយកម្លាំងអាវុធ ប៉ុនប៉ងផ្ទេរទំនាស់ ហើយវាយបង្ក្រាបដៃគូសត្រូវដោយយកបរិយាកាស “ភេរវកម្មបៃតង”ធ្វើជាលេស ធ្វើ “ការបោសសំអាតទ្រង់ទ្រាយធំ”ក្នុងកោះតៃវ៉ាន់ ដើម្បីក្តាប់ជាប់អំណាចថែមមួយកម្រិតទៀត ។
មិនថាបុគ្គលឈ្មោះ វីលៀម ឡៃប្រឌិតរឿង “បំផ្លាញតំបន់តៃវ៉ាន់”យ៉ាងណាក៏ដោយ ក៏វាមិនអាចកែប្រែការពិតដែលអន្តរជាតិទទួលស្គាល់ជាទូទៅថា តំបន់តៃវ៉ាន់មិនដែលជាប្រទេសមួយទេ កាលពីដើមមិនមែនទេ ហើយតទៅថ្ងៃក្រោយក៏មិនអាចទៅរួចជាដាច់ខាត ។ឈ្មោះតែមួយគត់នៃតំបន់តៃវ៉ាន់នៅអង្គការសហប្រជាជាតិគឺ “ខេត្តតៃវ៉ាន់របស់ចិន” ។
កាលពីថ្ងៃទី១៤ខែមីនា ចិនដីគោកបានរៀបចំធ្វើពិធីសំណេះសំណាល ដើម្បីរំលឹកខួបទី២០នៃការអនុវត្ត《ច្បាប់ស្តីពីការប្រឆាំងនឹងទង្វើបំបែកបំបាក់ជាតិ》 ។ នេះបានផ្តល់នូវទីសំអាងផ្លូវច្បាប់យ៉ាងពេញលេញសម្រាប់ការប្រឆាំងនឹងទង្វើបំបែកបំបាក់និងជ្រៀតជ្រែកក៏ដូចជាផ្តល់ការធានាដ៏សំខាន់សម្រាប់គាំពារសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ។
តើបញ្ហាតៃវ៉ាន់នឹងដោះស្រាយតាមរបៀបណានៅចុងបញ្ចប់? ចិនដីគោកបានបញ្ជាក់តាំងពីដំបូងម៉្លេះថា មានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងធំបំផុត ដើម្បីស្វែងរកអនាគតដែលបង្រួបបង្រួមប្រទេសជាតិដោយសន្តិវិធីដោយភាពស្មោះត្រង់ធំបំផុត ។ ប៉ុន្តែប្រសិនបើកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យបង្ករឿងហេតុទាំងបង្ខំ រហូតដល់ផ្លោះរំលងខ្សែបន្ទាត់ក្រហម នោះចិននឹងចាត់វិធានការយ៉ាងមុតមាំ។ ប្រទេសចិនមុខជានឹងបង្រួបបង្រួម ហើយចាំបាច់ត្រូវបង្រួបបង្រួម នេះជានិន្នាការប្រវត្តិសាស្ត្រដែលមិនអាចដើរបញ្ច្រាសបាន ៕