នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន
ប៉ារីស៖ បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីបារាំង លោក Francois Bayrou បាននិយាយថា សហភាពអឺរ៉ុប (EU) ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួនដេីម្បីឆ្លេីយតបចំពោះការដាក់ពន្ធរបស់សហរដ្ឋអាមេរិក និងបានអំពាវនាវឱ្យមានការពិភាក្សាជាថ្មីចៀសវាងការខាតបង់បន្ថែមទៀតជុំវិញឧស្សាហកម្មស្រារបស់បារាំង។
និយាយដល់ចំណាត់ការពន្ធគយរបស់ EU ដេីម្បីឆ្លើយតបនឹងពន្ធរបស់អាមេរិកលើដែកថែប និងអាលុយមីញ៉ូម លោក Bayrou បានលេីកជាសំណួរថា «តេីមានកំហុសមួយចំនួនទេ? ប្រហែលជាមាន ពីព្រោះស្រារបស់អឺរ៉ុបក៏ត្រូវរងផលប៉ះពាល់ដែរ»។ លោកបន្ថែមថា គួរតែយកបញ្ជីផលិផលចាស់ៗដែលបានលេីកលែងពីមុន មកពិនិត្យឡេីងវិញ។
គួរបញ្ជាក់ថា ជុំទីមួយនៃវិធានការប្រឆាំងរបស់ EU ទៅនឹងពន្ធគយរបស់សហរដ្ឋអាមេរិកលេីទំនិញរបស់ខ្លួន រួមទាំងផលិតផលស្រាវីស្គី ត្រូវចូលជាធរមាននាថ្ងៃទី១ ខែមេសា។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធ ២០០ភាគរយលើស្រាគ្រប់ប្រភេទ និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតពី EU ប្រសិនបើប្លុកនេះមិនលុបចោលការយកពន្ធដែលបានគ្រោងទុកនេះ។ ការគំរាមកំហែងរបស់លោក ត្រាំ បង្កឱ្យមានការខកចិត្តក្នុងចំណោមអ្នកផលិតនៅអឺរ៉ុបដែលពឹងផ្អែកលើការនាំចេញ៕