ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា
ភ្នំពេញ៖ តុលាការកំពូល បានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយជីវិត និងសងសំណងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួន៦០០លានរៀល និងបន្ថែមលើការបិទការតវ៉ា ក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុន កូនដើមសម្លាប់ឪពុកចុង នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ នេះបើតាមការប្រកាសសាលដីកាពីសំណាក់ចៅក្រមតុលាការកំពូល នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ចំពោះមុខភាគីបណ្តឹងនៅសាលសវនាការទី១ តុលាការកំពូល នារាជធានីភ្នំពេញ។
តាមការប្រកាសនេះបានបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌលេខ៨៨២ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ របស់មហាអយ្យការអមតុលាការកំពូល ដែលត្រូវបានជំនុំជម្រះកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានសម្រេចបដិសេធបណ្តឹងសារទុក្ខរបស់ជនជាប់ចោទឈ្មោះ វណ្ណាវី វជ្ជនៈ ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ (កំពុងជាប់ឃុំ)ហើយបានសម្រេចតម្កល់ទុកជាបានការ នូវខ្លឹមសារក្នុងសាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបងកន្លងមក។ បន្ថែមលើនោះតុលាការកំពូល ក៏បិទការតវ៉ាផងដែរចំពោះជនជាប់ចោទ។
សូមរំលឹកថា សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនេះ កើតឡើងកាលពីព្រលប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅផ្ទះជនរងគ្រោះនាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយជនដៃដល់ជាឃាតកមានឈ្មោះ វណ្ណាវី វជ្ជនៈ ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំ កម្រិតវប្បធម៌អនុបណ្ឌិតព័ត៌មានវិទ្យា នៅប្រទេសអូស្ត្រាលី ត្រូវជាកូនដើមបានប្រើអាវុធគំរាមអាយុជីវិតលើជនរងគ្រោះច្រើនសារ លុះថ្ងៃថ្ងៃកើតហេតុបានសម្រុកចូលទៅចាក់នឹងកាំបិតចុងស្រួច លើជនរងគ្រោះពីផ្នែកខាងក្រោយលិចជ្រៅៗ ជាច្រើនកន្លែងដើម្បីកុំឲ្យតដៃបាន។
ចំណែកជនរងគ្រោះមានឈ្មោះ ហៃ សុភ័ក្ត្រ ភេទប្រុស អាយុ៦៥ឆ្នាំ (មន្ត្រីនគរបាលចូលនិវត្តន៍) មុខរបរធ្វើចម្ការ ត្រូវជាឪពុកចុងដែលចិញ្ចឹមកូននេះ តាំងពីតូចរហូតបានរៀនចប់នៅក្រៅបហរទេស។
ក្រោយឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ កើតឡើងសមត្ថកិច្ចនគរបាលចម្រុះបានស្រាវជ្រាវ រួចចាប់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការសាលាដំបូងខេត្តបាត់ដំបង ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៥៩០ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
តមកសាលាដំបូង និងសាលាឧទ្ធរណ៍នៅបាត់ដំបង បាបើកសវនាការ និងសម្រេចផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារអស់មួយជីវិត និងឲ្យសំណងជំងឺចិត្ត៦០០លានរៀល។ ទោះបីតុលាការទាំងពីរថ្នាក់សម្រេចដូចខាងលើក៏ដោយ ជនជាប់ចោទ និងក្រុមគ្រួសារនៅតែចិញ្ចឹមចិត្ត មិនទទួលស្គាល់ការពិត ដែលផ្ទុយទាំងស្រុងពីលទ្ធផលស្រាវជ្រាវ ស៊ើបអង្កេត និងវត្ថុតាងនានារបស់សមត្ថកិច្ច ក៏ដូចជាការវិនិច្ឆ័យរបស់តុលាការ ហើយបានប្តឹងសារទុក្ខមកតុលាការកំពូល។
ទោះជាយ៉ាងណាក៏ដោយ តាមអង្គហេតុ អង្គច្បាប់ ជាមួយនឹងសំណាញ់ច្បាប់ក៏ញឹក នៅចុងក្រោយនេះ ជនរងគ្រោ និងក្រុមគ្រួសារបន្តទទួលបាននូវយុត្តិធម៌គួរជាទីពេញចិត្ត។
ក្នុងនាមដើមបណ្តឹងរដ្ឋប្បវេណី និងជាកូនស្រីជនរងគ្រោះ ព្រមទាំងក្រុមគ្រួសារជនរងគ្រោះពិតជារំភើបសោមនស្សរកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌, ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃអយ្យការអមតុលាការកំពូល, ឯកឧត្តម អឿង សៀង ប្រធានក្រុមប្រឹក្សា និងតំណាងអយ្យការព្រមទាំងសមាជិក, ឯកឧត្តម សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង, ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញាឧទ្ធរណ៍បាត់ដំបង, ឯកឧត្តម ជុំ ស ប្រធានសាលាដំបូងខេត្តបាត់ដំបង ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាបាត់ដំបង ព្រមទាំងលោក លោកស្រី អស់លោក នៅគ្រប់សាលាជម្រះក្តី ក៏ដូចជាអាជ្ញាធរដែនដី និងអគ្គស្នងការនគរបាលជាតិ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្នងការនគរបាលខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចនគរបាលដែលបានបំបែកសំណុំរឿង និងផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារជាស្ថាពរ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ ៕