សម្តេចធិបតី៖ គោលបំណងចម្បង នៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ (២០២៤-២០២៥) ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា គោលបំណងចម្បង នៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការបែងចែកផលប្រយោជន៍នៃការអភិវឌ្ឍ ប្រកបដោយបរិយាបន្ន ចីរភាព និង សមធម៌។
សម្តេចធិបតី បានបន្តថា ដើម្បីសម្រេចបាន នូវគោលបំណងនេះ ការកែទម្រង់បានផ្តោតលើការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារធនធាន និងការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបង្ខិតសេវាឱ្យទៅកៀកជិតប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលឱ្យ ប្រជាពលរដ្ឋទទួលបានសេវាដោយឆាប់រហ័ស តម្លាភាព ប្រសិទ្ធភាព និង គណនេយ្យភាពនៅតាមមូលដ្ឋាន។
សម្តេចបន្ថែមធិបតីថា “ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកិច្ចការដ៏លំបាក និងមានភាពស្មុគស្មាញខ្លាំងជាពិសេសការផ្ទេរមុខងារ និងធនធានពីក្រសួងស្ថាប័នទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការដែលមានភាពរសើប។
សម្តេចធិបតី បានបញ្ជាក់ថា ការកែទម្រង់ពិតជាមានសារៈសំខាន់ក្នុងការកសាងភាពធន់នៅមូលដ្ឋាន ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហា បានឆាប់រហ័សមានប្រសិទ្ធភាព និងចំបញ្ហាដែលជាតម្រូវការ និង ជាអាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕