រាជរដ្ឋាភិបាលចាត់ទុកការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាការកែទម្រង់ស្នូល
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសានស៍បញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាព ការឯកភាពជាតិ និងការឯកភាពទឹកដីពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ផ្ដួចផ្ដើម និងដឹកនាំអនុវត្តដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, រាជរដ្ឋាភិបាលបានចាប់ផ្ដើមកែទម្រង់លើគ្រប់វិស័យដើម្បីធានាឱ្យបាននូវសុខសន្ដិភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងគោលដៅអនុវត្តសង្គមសេដ្ឋកិច្ចតាមបែបប្រជាធិបតេយ្យ។
សម្ដេចបវរធិបតី បានបន្តថា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចចិត្តប្រកបដោយឆន្ទៈនយោបាយយ៉ាងមុះមុតក្នុងការដាក់ចេញ និងជំរុញការអនុវត្តគោលនយោបាយកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់រយៈពេលវែង។
ជាមួយគ្នានោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងបញ្ជាក់ថា ចំពោះការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាលបានចាប់ផ្ដើមសិក្សាឱ្យមានការពិគ្រោះយោបល់ទូលំទូលាយ និងល្អិតល្អន់អំពីជម្រើសនានាលើគោលនយោបាយនេះនៅឆ្នាំ ១៩៩៩។ ផ្អែកលើការសិក្សានេះ រាជរដ្ឋាភិបាល បានចាត់ទុកការកែទម្រង់នេះ ជាការកែទម្រង់ស្នូលមានលក្ខណៈជាប្រព័ន្ធដ៏មានសារៈសំខាន់មួយក្នុងចំណោមការដ្ឋានកែទម្រង់នានា ដើម្បីកសាងមូលដ្ឋានសង្គម និងមូលធននយោបាយដែលជាបុរេលក្ខខណ្ឌសម្រាប់ការស្ដារ និងអភិវឌ្ឍប្រទេសជាតិឡើងវិញលើគ្រប់វិស័យ ៕