នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ មានសមិទ្ធផលសំខាន់ៗចំនួន៣ នៃការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការជាង២ទសវត្សរ៍កន្លងមកនេះ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគត់សម្គាល់ឃើញមានសមិទ្ធផលសំខាន់ៗចំនួន៣ នៃការអនុវត្ត កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការជាង២ទសវត្សរ៍កន្លងមកនេះ។
សមិទ្ធផលទាំងបីដែលសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានគត់សម្គាល់ឃើញតាមរយៈនៃការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះ រួមមាន៖ ទី១. ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន, ទី២. ការលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន, ទី៣. ការចូលរួមកាត់បន្ថយភាពក្រីក្រដោយផ្ទាល់នៅមូលដ្ឋាន។
សូមជម្រាបថា ក្នុងរយៈពេល៣ឆ្នាំ (២០២១-២០២៣) កន្លងមកនេះ រដ្ឋបាល ថ្នាក់ក្រោមជាតិបានបំពេញមុខងារ និងការទទួលខុសត្រូវរបស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមមាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមតាមមូលដ្ឋាននីមួយៗ ការផ្តល់សេវាសាធារណៈដែលជាសេវាតម្រូវការ និងសេវាសំណូមពរនានារបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ជាពិសេស សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ និងសេវាសង្គមគាំពារដល់ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ គ្រួសាររងគ្រោះនិង ងាយរងគ្រោះ ជនមានពិការភាព ស្ត្រី និងកុមារ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នានានៅមូលដ្ឋាន ដូចជា ការសាងសង់ ការជួសជុល ការថែទាំផ្លូវថ្នល់ ស្ពាន លូ ប្រឡាយ ប្រព័ន្ធធារាសាស្ត្រ សួនច្បារ អគារសាលារៀន និងសំណង់សិល្បការ្យផ្សេងៗទៀតដែលជាតម្រូវការ នៅមូលដ្ឋាន ៕