សម្តេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តការរើសមន្រ្តី «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ»
ភ្នំពេញ៖ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ ស្ដីពី «កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុវត្តការរើសមន្រ្តី «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដើម្បីធ្វើឱ្យការចំណាយថវិកាលើបន្ទុកបុគ្គលិក និងការគ្រប់គ្រងមន្រ្តីនៅមូលដ្ឋាន កាន់តែមានប្រសិទ្ធិភាព។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលការណ៍ និងនិតិវិធី ដើម្បីអនុវត្តវិធានការចាំបាច់ ដែលរួមមាន៖
វិធានការទី១៖ សិក្សាលទ្ធភាពផ្តល់គោលនយោបាយលើកទឹកចិត្ត និងផ្តល់ឱកាសតាមការស្ម័គ្រចិត្ត និងការផ្ទេរបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ ពីមន្ទីរ ក្រសួងស្ថាប័ន ឱ្យទៅនៅបម្រើការ តាមរដ្ឋបាលក្រុង ស្រុក ពោលគឺពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិក្នុងករណីដែលមាន។
វិធានការទី២៖ គឺផ្តល់ការណែនាំដល់ការគាំទ្រដល់រដ្ឋបាលក្រុង/ស្រុក ក្នុងការជ្រើសរើសបុគ្គលិក ផ្អែកលើកិច្ចព្រមព្រៀង ដើម្បីបំពេញមុខដំណែង វិជ្ជាជីវៈដែលត្រូវការចាំបាច់ ឈរលើគោលការកុណាធិបតេយ្យតម្លាភាព និងយុត្តិធម៌ និងគោលការណ៍រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ការជ្រើសរើសមន្រ្តីតាមគោលការណ៍នេះ ដើម្បីធានាពីលទ្ធភាពនៃការចំណាយថវិកាលើបន្ទុកបុគ្គលិក និងការគ្រប់គ្រងមន្រ្តីនៅមូលដ្ឋានឱ្យបានឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធិភាព។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យពិនិត្យលើការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យា ត្រូវឱ្យមាននិយាមច្បាស់លាស់ និងមានត្រួតពិនិត្យត្រឹមត្រូវ ដើម្បីរើសឱ្យចំ និងត្រូវមានវិធានក្នុងបណ្តុះបណ្តាល ហើយប្រគល់ភារកិច្ចឱ្យចំគោលដៅ។ លើសពីនេះ ក្នុងការផ្ទេរបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ពីកន្លែងមួយទៅកន្លែង ត្រូវមានការទទួលខុសត្រូវ និងគ្រប់គ្រងឱ្យបានច្បាស់ ជាពិសេសក្នុងវិស័យសំខាន់ៗដូចជាវិស័យសុខាភិបាល (ពេទ្យ) និងវិស័យអប់រំ (គ្រូបង្រៀន) កុំឱ្យទៅគរនៅកន្លែងដែលលើសស្រាប់ តែត្រូវបំពេញនៅកន្លែងដែលខ្វះខាត ៕