ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង
សេអ៊ូល៖ បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា ប៉ូលិសកូរ៉េខាងត្បូង នៅថ្ងៃអង្គារទី១៨មីនានេះ បានចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំគណបក្សប្រជាធិបតេយ្យ ជាបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាបានព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង។
ចំណាត់ការរឹតបន្តឹងសន្តិសុខសម្រាប់ លោក លី កើតឡើង បន្ទាប់ពីសមាជិកសភាមួយចំនួនបានបង្ហើបអំពីផែនការធ្វើឃាតប្រឆាំងនឹងមេបក្សប្រឆាំងរូបនេះ។ យ៉ាងណា ប៉ូលិស មិន បាន ឆ្លើយ តប ភ្លាមៗ ចំពោះ សំណើ សុំ ការ អត្ថាធិប្បាយ ទេ។ គេនៅចាំបានថា កាល ពី ខែ មករា ឆ្នាំ មុន លោកត្រូវ បាន បុរស ម្នាក់ ចាក់ ចំ កញ្ចឹង- ក បន្ទាប់ ពី សម្ដែងសុំ ហត្ថលេខា របស់លោក។ យ៉ាងណា បុរសអស់ល័ក្ខណ៍រូបនោះត្រូវបានប៉ូលិសក្របួចបាន ហើយ កាត់ទោស ឱ្យ ជាប់ ពន្ធនាគារ ១៥ ឆ្នាំ។
កម្តៅនៃភាពតានតឹងកើនឡើងកាន់តែខ្លាំងក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីប្រធានាធិបតី យូន ស៊ុកយ៉ុល អនុម័តច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូឆ្នាំមុន ដោយបង្កឱ្យមានវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
លោក យូន ប្រឈមមុខនឹងការកាត់ក្ដីព្រហ្មទណ្ឌលើការចោទប្រកាន់ពីបទបះបោរ ខណៈតុលាការធម្មនុញ្ញ ក៏ត្រូវបានគេរំពឹងថា នឹងសម្រេចនៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរថា តើត្រូវបន្តនីរតិវិធីចោទប្រកាន់លោកយូន ឬដកហូតអំណាចរបស់លោកជាអចិន្ត្រៃយ៍ដែរឬទេ?
គួររំឭកថា អ្នកគាំទ្រលោក យូន រាប់រយនាក់បានសម្រុកចូលអគារតុលាការកាលពីខែមករា។ យ៉ាងណា ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក បានអំពាវនាវម្ដងទៀតឱ្យពលរដ្ឋទទួលយក និងគោរពសេចក្ដីសម្រេចរបស់តុលាការ៕