ស្នងការនគរបាលខេត្តកែប ណែនាំដល់កងកម្លាំងត្រូវពង្រឹងវេនប្រចាំការ និងចេញល្បាតគ្រប់អង្គភាព ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ
ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តកែប មានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារ ប្រចាំខែមីនា និងលើកទិសដៅអនុវត្តការងារខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុក ប្រធានក្រុមអន្តរាគមន៍ ក្រុមចម្រុះនគរបាលខេត្តប្រចាំការឆ្នេរ ផែ កោះទន្សាយ សាលាខេត្ត ឆ្នេរអង្កោល ភ្នំសរសៀរ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ សរុបចំនួន១៣៤នាក់។
អង្គប្រជុំក៏បានស្តាប់របាយការណ៍បូកសរុប ស្តីពីសភាពការណ៍លទ្ធផលការងារប្រចាំខែមីនា ឆ្នាំ២០២៥ របស់នាយការិយាល័យសរុបផែនការ និងការចូលរួមមតិពីបណ្តាប្រធានផែនការងារ អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល អំពីលទ្ធផលការងារ សំណូមពរ និងបញ្ហាប្រឈមរបស់ខ្លួន។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំ និងដាក់ចេញនូវវិធានការណ៍សំខាន់ៗមួយចំនួនរួមមាន៖ ពង្រឹងវេនប្រចាំការ ប្រចាំបញ្ជា និងចេញល្បាតគ្រប់អង្គភាព ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើសលួច ប្លន់ ប្លន់ ជំរុញបំផុសចលនាការអនុវត្តគោលនយោបាយ ស្តីពីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅតាមមូលដ្ឋាន ជំរុញការងារផ្តល់សេវាសាធារណៈ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារក៤ និងសៀវភៅស្នាក់នៅក២) ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស គ្រប់គ្រងការធ្វើចំណាក់ស្រុករបស់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងគ្រប់គ្រងការស្នាក់នៅរយៈពេលវែងរបស់ជនបរទេស បន្តចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកត្រួតពិនិត្យការកែច្នៃយានយន្តនិងការពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប ចុះស្រាវជ្រាវការដាំដុះ ចែកចាយ ជួញដូរ និងការប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅភូមិសាស្ត្រខេត្ត ៕