សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយនៅតែតម្រូវឲ្យរៀនរយៈពេល៦ឆ្នាំដដែល ដោយមិនបាច់សិក្សាដូចពីមុនរយៈពេល៨ឆ្នាំទេ តែត្រូវប្រើប្រាស់យុទ្ធសាស្រ្តឈ្នះឈ្នះ ដោយយកមេរៀន (ដែលសិក្សា២ឆ្នាំ) មកបញ្ចូលក្នុងការសិក្សា ដើម្បីចំណេញពេលវេលាឲ្យពួកកាត់ដដែល ពោលពួកគាត់រៀនរយៈពេល៦ឆ្នាំដដែល។
ក្នុងឳកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតីបានថ្លែងថា ណែនាំឱ្យពិនិត្យបង្រួមមន្ទីរពិសោធន៍ដែលនៅរាយប៉ាយតាមក្រសួងនានា គួរពិនិត្យច្របាច់បញ្ចូលគ្នា។
សម្តេចមបដិសេធសំណើរបស់ក្រសួងមួយចំនួន ស្នើដំឡើងសាលាបណ្តុះបណ្តាលរបស់ក្រសួង ទៅជាគ្រឹះស្ថានសាធារណៈ ដើម្បីបើកបង្រៀនយកថ្លៃសិក្សា ហើយសម្ដេចណែនាំឱ្យសាលាផ្តោតការយកចិត្តទុកដាក់បណ្តុះបណ្តាលមន្ត្រី តាមរយៈរៀបចំវគ្គបំប៉ននានា។
ជាមួយគ្នានេះសម្តេចធិបតី ណែនាំឱ្យបន្ថយនីតិវិធីសេវា ដែលនាំឱ្យស្មុគស្មាញ និងលំបាក ដើម្បីពន្លឿនសេវា សម្តេចណែនាំឱ្យក្រសួងនីមួយៗធ្វើស្ថិតិមន្ត្រីរបស់ខ្លួនឱ្យបានច្បាស់។ ថ្ងៃមុខរាជរដ្ឋាភិបាល នឹងធ្វើប្រព័ន្ធគ្រប់គ្រងមន្ត្រីឱ្យច្បាស់លាស់៕