សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្ដេចមិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ ខណៈមានក្រសួង-ស្ថាប័នមួយចំនួន បានស្នើសុំមកសម្ដេចចង់បង្កើតគ្រឹះស្ថានសិក្សាបន្ថែម នៅក្នុងក្រសួងរបស់ខ្លួន។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យពិនិត្យមើល ដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ ត្រូវចងក្រងគ្នាជាចង្កោម ជាវិស័យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាជាងពង្រីកបន្ថែម។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បច្ចុប្បន្នសេវានៅក្នុងរាជរដ្ឋាភិបាលមានជាង ៣ពាន់សេវា ក្នុងនោះមានសេវាមួយចំនួនត្រូវកែសម្រួល ឬកាត់នីតិវិធីមួយចំនួនចោល ដើម្បីពន្លឿនការផ្ដល់សេវាល្អ និងលឿនដល់ប្រជាពលរដ្ឋ ជាពិសេសការវិវត្តទៅរកប្រព័ន្ធឌីជីថល ៕