សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គេបានលើកយោបល់ឱ្យបង្រួម ៣ ក្រសួង ឱ្យទៅតែ ១ ក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកសិកម្ម. និងក្រសួងធនធានទឹក តែសម្ដេចមិនព្រម។
ក្នុងឳកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែតមានប្រសាសន៍ថា កម្ពុជាមិនបម្រួមក្រសួង៣នេះឡើយ តែរដ្ឋនឹងរក្សា ពង្រឹងក្រសួងនេះ ឱ្យមានភាពរឹងមាំ ប្រកបដោយប្រសិទ្ធភាពដើម្បីជាប្រយោជន៍ជូនពលរដ្ឋ។
សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងរយៈពេលជាង១ខែ ក្រោមការដឹកនាំដោយប្រធានាធិបតីថ្មី សហរដ្ឋអាមេរិកបានកាត់មន្រ្ដីរាជការចេញជាង២០ម៉ឺននាក់ ដឹកនាំដោយលោក Elon Musk រដ្ឋមន្រ្តីក្រសួង ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីពង្រឹងការដឹកនាំរដ្ឋបាលសាធារណៈរបស់គេ។ ប៉ុន្ដែកម្ពុជា មានការអនុវត្តវិធីសាស្រ្ដផ្សេង ដើម្បីដឹកនាំឱ្យវិស័យមុខងារនេះមានប្រសិទ្ធភាព គឺអនុវត្តអភិក្រម «ពង្រឹងជាជាងពង្រីក» គឺមិនឱ្យមានការពង្រីកចំនួនមន្រ្ដីរាជការដែលមិនចាំបាច់ឡើយ៕