សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា បានរួមចំណែកសំខាន់ក្នុងការរក្សាបាននូវសុខសន្ដិភាពរបស់កម្ពុជា រួមជាមួយនឹងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា គោលដៅយុទ្ធសាស្ត្រដែលពាក់ព័ន្ធផ្ទាល់នឹងវិស័យ មុខងារសាធារណៈគឺការបន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ លើការប្តេជ្ញាចិត្តខិតខំបំពេញភារកិច្ច ហើយទទួលបានវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តរបស់ខ្លួន។ នៅក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៤ កន្លងមក ក្រសួងមុខងារសាធារណៈសម្រេចបានលទ្ធផលការងារសំខាន់ៗជាច្រើន ៕