ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីគ្រោះមហន្តរាយ រញ្ជួយដីនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងព្រះរាជាណាចក្រថៃ។
រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានការរន្ធត់ចិត្តជាខ្លាំង ដែលបានទទួលដំណឹងពីការ ស្លាប់ និងរបួសជាច្រើននាក់ ដែលបណ្តាលមកពីគ្រោះរញ្ជួយដី ដែលបានវាយប្រហារលើប្រទេស មីយ៉ាន់ម៉ា និងថៃ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
យើងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ក្នុងគ្រានៃទុក្ខសោកដ៏ក្រៀមក្រំនេះ។ យើងសូមសម្តែងនូវសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះ រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅជាមួយ ក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករបួសទាំងឡាយបានឆាប់ជាសះស្បើយ។
តាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសមីយ៉ាន់ម៉ា និងថៃ រាជរដ្ឋាភិបាលកម្ពុជាកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់លើសុវត្ថិភាពប្រជាពលរដ្ឋកម្ពុជាដែលអាចមានគ្រោះថ្នាក់នៅក្នុងគ្រោះ មហន្តរាយនេះ។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីនេះទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ ៕