កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ
ភ្នំពេញ៖ កម្ពុជាគឺជាគោលដៅដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូធម្មជាតិ ក្នុងនេះ ក្រុមហ៊ុនកៅស៊ូវៀតណាម (Vietnam Rubber Group JSC) គឺជាក្រុមហ៊ុនវិនិយោគឈានមុខគេ លើវិស័យ កៅស៊ូ ធម្មជាតិ នៅកម្ពុជា ដែលបច្ចុប្បន្នមានគម្រោងវិនិយោគចម្ការកៅស៊ូចំនួន ១៦ លើផ្ទៃដីជិត ៩០ ០០០ ហិកតា ជាមួយនឹង រោងចក្រកែច្នៃចំនួនប្រាំពីរ។
ដោយឡែកក្រុមហ៊ុនវៀតណាមផ្សេងទៀត ទាំងរដ្ឋ និងឯកជនបានវិនិយោគលើ ផលិតកម្ម កៅស៊ូធម្មជាតិផងដែរ។
នៅឆ្នាំ២០២៤ វៀតណាមបាននាំចូលកៅស៊ូធម្មជាតិជិតមួយលានតោនពីកម្ពុជា ឬជាង ៦៤ភាគរយ នៃការនាំ ចូល សរុប របស់វៀតណាម ដែលមានតម្លៃជាង ១,២ ពាន់លានដុល្លារអាមេរិក។ បរិមាណ នាំចូល ពីកម្ពុជា ស្ទើរតែ ស្មើ នឹង ផលិតកម្ម ក្នុងស្រុក របស់ វៀតណាម។នេះបើយោង ទិន្នន័យគយវៀតណាមបង្ហាញនៅក្នុង សិក្ខាសាលាស្តីការលើកកម្ពស់ផលិតកម្មកៅស៊ូ ពាណិជ្ជកម្ម និងការវិនិយោគ របស់វៀតណាមនៅកម្ពុជាកាលពីសប្ដាហ៍មុននៅសណ្ឋាគារសាន់ អេន ម៉ូន( Sun&Moon) រាជធានីភ្នំពេញ។
សិក្ខាសាលានេះចូលរួមដោយលោក Phan Tran Hong Van តំណាង សមាគមកៅស៊ូវៀតណាម (VRA) ,លោក Phuc To មកពីអង្គការ Forest Trends,អ្នកស្រី Mai នៃក្រុមហ៊ុន Mai Vinh ,តំណាងក្រុមហ៊ុន Chu Se Kampong Thom Rubber JSC សមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (Vietnam Rubber Group), លោកស្រី ភាណ សោភ័ណ នាយិកា អង្គការ អុកស្វាមប្រចាំនៅកម្ពុជា,តំណាងក្រុមហ៊ុនដាំដុះ និងកែច្នៃកៅស៊ូពីកម្ពុជា និង វៀតណាម ទីភ្នាក់ងារ អភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល កសិករកៅស៊ូខ្នាតតូច និងអ្នកពាក់ព័ន្ធផ្សេងទៀតដែល ពាក់ព័ន្ធ នឹងពាណិជ្ជកម្ម កៅស៊ូ និងនិរន្តរភាពជាដើម។
ក្នុងសិក្ខាសាលាដដែលក៏បានបង្ហាញឱ្យឃើញផងដែរថា ប្រទេសចិនគឺជាទី ផ្សារនាំចេញដ៏សំខាន់បំផុតរបស់ វៀតណាម សម្រាប់កៅស៊ូធម្មជាតិ ។ ភាគ ច្រើននៃកៅស៊ូធម្មជាតិដែលផលិតនៅវៀតណាម និងនាំចូលពីកម្ពុជា ត្រូវបាន នាំចេញ ទៅ ប្រទេសចិន។ ក្នុងឆ្នាំ២០២៤ វៀតណាមបាននាំចេញកៅស៊ូធម្មជាតិ ១,៤៥ លានតោនទៅកាន់ប្រទេសចិន ដែលមានតម្លៃ ២,៤ ពាន់លានដុល្លារ។សហភាពអឺរ៉ុប អាមេរិក កូរ៉េ និងជប៉ុន ក៏ជា ទីផ្សារនាំចេញសំខាន់ៗផ្សេងទៀត របស់វៀតណាម ផងដែរ។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះមានគោលបំណងផ្តល់នូវការ យល់ ដឹងកាន់តែប្រសើរឡើងអំពីការផលិត និង ពាណិជ្ជ កម្មកៅស៊ូ និងការ វិនិយោគ លើកៅស៊ូនៅក្នុងប្រទេសនីមួយៗនៃប្រទេសកម្ពុជា និងវៀតណាម។ ដើម្បីជូន ដំណឹង ដល់ភាគីពាក់ព័ន្ធពីភាគីទាំងពីរទាក់ទងនឹងខ្សែច្រវាក់ផ្គត់ផ្គង់ បច្ចុប្បន្ន រវាងប្រទេសទាំងពីរ រួមទាំងទិដ្ឋភាពស្របច្បាប់ និងនិរន្តរភាពនៃខ្សែច្រវាក់ ទាំងនេះ។ ដើម្បីពិភាក្សាអំពីភាពស្របច្បាប់ និង/ឬហានិភ័យនិរន្តរភាព ដែលទាក់ទងនឹងកា រផលិត និងពាណិជ្ជកម្ម និងការវិនិយោគលើកៅស៊ូ ក្នុងប្រទេសនីមួយៗ និងស្វែងរកឱកាសសម្រាប់កិច្ចសហ ប្រតិបត្តិការ នាពេលអនាគត ដើម្បីសម្រួលដល់ការផលិត និងពាណិជ្ជកម្មស្របច្បាប់ និងនិរន្តរភាពរវាងប្រទេសទាំងពីរ៕