ឯកឧត្តម កែវ រតនៈ ជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំង នៃអង្គភាពសម្ព័ន្ធមេត្រីភាព «ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់»
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយកងកម្លាំង នៃអង្គភាពសម្ព័ន្ធមេត្រីភាព «ស្នងការដ្ឋាននគរបាលខេត្ត, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់» ជាលើកទី៣ ចំនួន៩៧៩នាក់ ក្នុងឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខិតជិតមកដល់នាពេលដ៏ខ្លីខាងមុខ។
ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណទីស្នាក់ការ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលខេត្ត, ឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល, ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, រដ្ឋបាលស្រុក ក្រុង និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ក៏បានប្រគល់ជូនអំណោយកំដរដៃ អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ គ្រឹស្តសករាជ២០២៥ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព សរុបចំនួន៩៧៩នាក់ ដោយម្នាក់ៗទទួលបាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ព្រមទាំងបានឧបត្ថម្ភថវិកា៣អង្គភាព ដោយក្នុងមួយអង្គភាព ថវិកា៤លានរៀលផងដែរ ៕