ឯកឧត្តម យក់ ប៊ុនណា អញ្ជើញជាអធិបតីក្នុងពិធីណែនាំកម្មវិធីសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៧”
ភ្នំពេញ៖ នៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីណែនាំកម្មវិធីសិក្សាបញ្ចប់វគ្គបណ្តុះបណ្តាល ”ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៧” ជូនដល់សិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី៧ ដែលជាមន្ត្រីជាន់ខ្ពស់ចំនួន ១៦២នាក់ (ស្រី ២៤នាក់) ដែលអញ្ជើញមកពីក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ អភិបាលក្រុង ស្រុក ខណ្ឌ រហូតដល់អភិបាលរងរាជធានី ខេត្តឬមុខតំណែងប្រហាក់ប្រហែល ដែលបានបញ្ចប់វគ្គសិក្សាតាមប្រព័ន្ធអនឡាញរយៈពេល ៦សប្ដាហ៍ ហើយត្រូវចូលរួមការសិក្សាដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាលរយៈពេល ១សប្ដាហ៍ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។
គូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៧ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៣ រួមមាន៖
-បង្កើនសមត្ថភាពយល់ដឹង (Knowing): បង្កើនចំណោះដឹងភាពជាអ្នកដឹកនាំ និងបង្កើតនូវជំនាញ និងទំនុកចិត្ត ដើម្បីបង្កើតនិងអនុវត្តផែនការរបស់អង្គភាព។
-សមត្ថភាពក្នុងការបំពេញការងារ (Doing): អនុវត្តនូវទ្រឹស្តីដើម្បីដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេចបាននូវលទ្ធផលល្អប្រសើរតាមរបៀបថ្មី ឬតាមរបៀបដែលកាន់តែឆាប់រហ័យ និងផ្តល់សេវាសាធារណៈប្រកបដោយគុណភាពនិងនវានុវត្តន៍។
-បង្កើនសមត្ថភាពគាំទ្រ (Being): ផ្នែកមួយនៃបណ្តាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញទៅមកតាមរយៈការចែករំលែកបទពិសោធជោគជ័យរបស់ខ្លួន និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈម ឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណៈអន្តរវិស័យ ៕