ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ៖ ឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា ដល់សាលាពលទាហានទី២
ភ្នំពេញ៖ ឧត្តមសេនីយ៏ត្រី ញ៉ុក អៀកងួន នាយកសាលាពលទាហានទី២ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ បានទទួលអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈវរសេនីយ៍ឯក សន ធីម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងកំពង់ចាម ដែលរួមមានស្បៀងអាហារ ប្រេងឥន្ធន: និងថវិកា មួយចំនួនសម្រាប់ទ្រទ្រង់ដល់ការងាររបស់សាលា ។
ទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ បានបង្ហាញយ៉ាងប្រត្យក្សនូវការយកចិត្តទុកដាក់ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៏ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទ ធានាបាននូវគុណភាពនៃបរិមាណ និងការគិតគូរដល់ថ្នាក់ដឹកនាំ យោធាចារ្យ ព្រមទាំងសិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសក្នុងកាលៈទេសៈនៃការរួមគ្នាទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩នេះ ។
មានប្រសាសន៍ក្នុងឱកាស នោះ ឧត្តមសេនីយ៍ត្រី ញ៉ុក អៀកងួនតាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម មេបញ្ជាការ និង លោកជំទាវ ដែលជានិច្ចជាកាលតែងបារម្ភអំពីសុខុមាលភាពរបស់យោធិនបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់បំពេញភារកិច និងបន្តអនុវត្តវិធាន ៣កុំ ៣ការពារ ប្រកបដោយចីរភាពជូនជាតិ មាតុភូមិ និងប្រជាជន ៕