ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ ខែមិថុនា ២០០៧-ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ដែលបានរៀបចំឡើងនៅខេត្តបន្ទាយមានជ័យ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនអតីតយុទ្ធជន ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងនាមប្រជាជនខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច បានដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជាទទួលបានជោគជ័យនិងសង្គ្រោះជីវិតប្រជាជនកម្ពុជា ពីគ្រោះមហន្តរាយនៃការឆ្លងរាត ត្បាតជំងឺកូវីដ-១៩ ក្រោមគោលនយោបាយចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា និងពលរដ្ឋបរទេសដែលរស់នៅកម្ពុជា និងបន្តចាក់ដូសជម្រុញដោយមិនគិតថ្លៃ មិនប្រកាន់ជាតិសាសន៍ ជំនឿ សាសនា ពណ៌ សំបុរ និងនិន្នាការនយោបាយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងកិច្ចការពង្រឹងខឿនការពារជាតិ ឯករាជ្យ ការពារអធិបតេយ្យភាព បូរណភាព និងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសការចូលរួមយ៉ាងសកម្មដោយមិនខ្លាចការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងអំឡុងពេល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តិទី៥ កន្លងមកនេះ ឱ្យដំណើរការនិងប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងសុវត្ថិភាព ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
បន្ទាប់ពីបានត្រងត្រាប់ស្តាប់ដោយយកចិត្តទុកដាក់នូវ សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះគុណូបការៈដ៏ឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល វីរៈយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកសេ្នហាជាតិគ្រប់រូបដែលបានធ្វើមហាពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុជាតិមាតុភូមិ និងបានជួយសង្គ្រោះអាយុជីវិតប្រជាជន និងសង្គមជាតិឲ្យរស់ឡើងវិញ ព្រមទាំងបានចូលរួមក្នុងដំណើរការផ្សះផ្សារបង្រួបបង្រួមជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យយើងទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្សនៅកម្ពុជា។
ឱកាសដ៏ឧត្តុងឧត្តមនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមលំឱនកាយវាចាចិត្តគោរព និងឧទ្ទិសដល់ដួងវិញ្ញាខ័ន្ធអតីតយុទ្ធជនទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិជាទីសេ្នហាយើង សូមឲ្យដួងវិញ្ញាណខ័ន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមផ្ញើការសួរសុខទុក្ខចំពោះគ្រួសារអតីយុទ្ធជន ពលីមរណៈ អតីយុទ្ធជន ជនពិការដោយសារសង្រ្គាម ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនៅក្នុងខេត្តបន្ទាយមានជ័យ និងសូមជូនពរ ឲ្យជួបប្រទះតែនឹងសេចក្តីសុខ និងសុភមង្គលនៅក្រោមដំបូលនៃសន្តិភាព។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងជាប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូនិងយកចិត្តទុកដាក់ជានិច្ចពីការរស់នៅ ជីវភាព និងសុខទុក្ខបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដោយអភិវឌ្ឍជាបន្តបន្ទាប់នូវគោលនយោបាយអតីតយុទ្ធជន និងការផ្តល់នូវសេវាសង្គមនានាស្របតាមតម្រូវការចាំបាច់របស់បងប្អូនយើង និងសង្គមជាតិ ព្រមទាំងបានកំណត់យកថ្ងៃទី២១ ខែមិថុនា ដើម្បីប្រារព្ធទិវាអតីតយុទ្ធជនជារៀងរាល់ឆ្នាំផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំនៃសមាគមអតីតយុទ្ធជនកម្ពុជា និងអតីតយុទ្ធជនទាំងអស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមសំដែងនូវកតញ្ញូតាធម៌និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម ដែលលោកទាំងពីរ តែងតែយកចិត្តទុកដាក់ផ្តល់ការគាំទ្រសព្វបែបយ៉ាងចំពោះអតីតយុទ្ធជន គ្រួសារពលី-មរណៈប្រកបដោយព្រហ្មវិហាធម៌ដ៏ខ្ពង់ខ្ពស់។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏សូមកោតសរសើរនិងថ្លែងអំណរគុណដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាគមអតីតយុទ្ធជនកម្ពុជា អង្គភាពពាក់ព័ន្ធ និងសប្បុរជនទាំងអស់ដែលជួយឧបត្ថម គាំទ្រ ដល់ការងារអតីតយុទ្ធជន គ្រប់ពេលវេលា។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំ និងអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់គ្រប់ប្រភេទ ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ បន្តចូលរួមគាំពារ និងជួយដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធដែលបានពលីមរណៈ ពិការភាព និងមនុស្សវ័យចាស់គ្រប់មធ្យោបាយ បន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តចូលរួមចាក់វ៉ាក់សាំងដូសជម្រុញ និងអនុវត្តវិធានសុខាភិបាលនានា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ៕