មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង អញ្ជើញប្រគល់ផ្ទះ១ខ្នងដែលជាអំណោយរបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវជូនដល់ប្រជាពលរដ្ឋជាស្រ្តីមេម៉ាយទីទ័លក្រនៅស្រុករលាប្អៀរ
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ១ខ្នង ទំហំ ៤×៦ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់អ៊ំស្រី ប៉ាល់ ពៅ អាយុ ៦១ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅតែម្នាក់ឯង ដែលផ្ទះចាស់របស់អ៊ំស្រី មានសភាពទ្រុឌទ្រោមខ្លាំង និងធ្លុះធ្លាយស្ទើរគ្រប់ទីកន្លែង នៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
ស្ថិតក្នុងឱកាសនេះដែរ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បាននាំយកអំណោយបន្ថែមរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ក្នុងនោះមានអង្ករ និងគ្រឿងឧបភោគបរិភោគនឹងថវិកាមួយចំនួន ព្រមទាំងឧបត្ថម្ភដើមស្វាយ ១ដើម និងដូង ២ដើម ដល់អ៊ំស្រី ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គាត់នៅថ្ងៃខាងមុខ ។
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបន្តនាំយកអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មានដូចជា ស៊ីម៉ង់ត៍ចំនួន អង្ករ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋឈ្មោះ អ៊ុល ចិន្តា អាយុ៤០ឆ្នាំ ជាស្រ្តីមេម៉ាយ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះទំហំ ៦គុណ៥ម៉ែត្រ អស់ទាំងស្រុងកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។
គួររំលឹកដែរថា កាលពីពេលកន្លងមក ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ មានដូចជា សម្ភារៈសំណង់ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកា មួយចំនួន បានឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋទាំង២គ្រួសារខាងលើម្តងរួចហើយ ប៉ុន្តែដោយមើលឃើញពីការលំបាក ខ្វះខាតរបស់ពួកគាត់នៅតែមានបន្ត និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ទើប ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានបន្តឧបត្ថម្ភដល់ពួកគាត់បន្ថែមទៀត ។
ក្រុមគ្រួសារប្រជាពលរដ្ឋទាំង ២គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ ទីណាមានប្រជាជនមានទុក្ខលំបាក ទីនោះតែងមាន ការជួយឧបត្ថម្ភ ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ៕