តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បង្កើនការយកចិត្តទុកដាក់លើការងារអប់រំផ្សព្វផ្សាយ និងនយោបាយចិត្តសាស្រ្តដល់យោធិន តាមបណ្តាកងឯកភាពចំណុះ
ភ្នំពេញ៖ អនុវត្តតាមផែនការលើការងារអប់រំផ្សព្វផ្សាយ និងនយោបាយចិត្តសាស្រ្តដល់យោធិនគ្រប់ថ្នាក់ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បន្តចុះផ្សព្វផ្សាយគោលនយោបាយការពារជាតិ ឆ្នាំ២០២២ (សៀវភៅសការពារជាតិ ឆ្នាំ២០២២)ជូននាយទាហាន-ពលទាហាននៅទីបញ្ជាការ ផ្នែកសឹករងបន្ទាយអំពិល ក្រោមវត្តមានលោកវរសេនីយ៍ឯក ចៅ ប៊ុណ្ណា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។
សៀវភៅសការពារជាតិ ឆ្នាំ២០២២ ជាគោលនយោបាយយុទ្ធសាស្រ្តរយៈពេលវែង និងជាឯកសារថ្នាក់ជាតិ ដែលឆ្លុះបញ្ចាំងអំពីទស្សនវិស័យ គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិនាពេលបច្ចុប្បន្ន និងតទៅអនាគត ហើយត្រូវបានផ្តល់សច្ចាប័នដ៏ខ្ពង់ខ្ពស់ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គោលនយោបាយការពារជាតិ ឆ្នាំ២០២២ មានគោលបំណងផ្សព្វផ្សាយអំពីការៀបចំផែនការយុទ្ធសាស្រ្ត ការធ្វើកំណែទម្រង់យោធា និងការអភិវឌ្ឍន៍វិស័យការពារជាតិរបស់កងយោធពលខេមរភូមិន្ទឱ្យក្លាយជាកងកម្លាំងការពារជាតិដ៏រឹងមាំ មានវិន័យម៉ឺងម៉ាត់ មានសមត្ថភាព មានការប្តេជ្ញាចិត្តខ្ពស់ និងស្មោះត្រង់ចំពោះជាតិមាតុភូមិ ព្រមទាំងត្រៀមខ្លួនជាប់ជានិច្ចក្នុងកិច្ចការពារសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពសង្គម ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍន៍ជាតិ និងលើកតម្កើងកិត្យានុភាពរបស់អង្គភាព និងព្រះរាជាណាចក្រកម្ពុជានៅ លើឆាកអន្តរជាតិ។ ដូច្នេះការពង្រឹងខឿនការពារជាតិ គឺជាអាទិភាពចំបងដែលកងយោធពលខេមរភូមិន្ទ ចាំបាច់ត្រូវតែប្រកាន់យកដើម្បីការពារឱ្យបានដាច់ខាតនូវ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកវរសេនីយ៍ឯក មេបញ្ជាការ ក៏បានក្រើនរម្លឹកសិក្ខាកាមទំាងអស់ ត្រូវបន្តអនុវត្តតាមវិធានការរបស់សម្តេចតេជោគឺ ៣ការពារ និង៣កុំ ឱ្យបានជាប់លាប់ល្អប្រចាំផងដែរ ៕