អតីតយុទ្ធជនពិការ នៅឃុំពង្រ ស្រុកតាំងគោក បានទទួលខ្នងផ្ទះទី២០៥ អំណោយដ៏ ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បាន ទៅប្រគល់ខ្នងផ្ទះទី២០៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជននៅ ភូមិត្រដក់ពង ឃុំពង្រ ស្រុក តាំងគោក ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា៖ អតីតយុទ្ធជនឈ្មោះ ជុំ យីម អាយុ៥៥ឆ្នាំ ជាអតីតយុទ្ធជនពិការដោយសារសង្គ្រាម មានភរិយានិងកូន នៅក្នុងបន្ទុកចំនួន៥នាក់ ។ ដោយជីវភាពលំបាកខ្វះខាត ទើបលោកគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះរស់នៅឲ្យបាន សមរម្យឡើយ ។ដោយឃើញពីការលំបាកនេះ ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះថ្មីខ្នងទី២០៥ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម ជូនគាត់ដោយបានសាងសង់ ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូន អតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំពង្រ ដែលខ្លួន ស្រឡាញ់ពេញចិត្ត ដើម្បីអភិវឌ្ឍន៍ភូមិ.ឃុំ នៅក្នុងមូលដ្ឋានរបស់ខ្លួនកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះ បានយ៉ាងច្រើនកុះករ និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ព្រមទាំងបានសំណូមពរដល់បងប្អូនអតីតយុទ្ធ ជននិងប្រជាពលរដ្ឋទាំងអស់ សូមខិតខំប្រឹងប្រែងប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិត ដោយសុច្ចរិតទៀងត្រង់និង ចូលរួមក្នុងការអនុវត្ត នូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយ របស់ឯកឧត្តមឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន៥០គីឡូក្រាម.មី ចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ និងថវិកាមួយចំនួនផងដែរ ។
អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងក្រុមគ្រួសារអតីតយុទ្ធជន នៅឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ បានសូម គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕