សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បាននិងកំពុងអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។
នៅក្នុងកម្មវិធីថ្ងៃនេះដែរ មុនឈានដល់កម្មវិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ាន និងបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន ហើយសម្តេចតេជោ ក៏នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសសមាជិកអាស៊ានផងដែរ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា នោះ៕