ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមទីប្រឹក្សារដ្ឋ វ៉ាង យី ជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្លាស់ប្តូរទស្សនៈ និង ការពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន រៀបចំដោយកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមទីប្រឹក្សារដ្ឋ វ៉ាង យី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះទំនាក់ទំនងកំពុងកើនឡើង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងវិស័យ ផ្សេងៗរវាងកម្ពុជា និងចិន។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកោតសរសើរចំពោះលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលលើកទី៦ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ហើយបាន ប្តេជ្ញាធ្វើការជាមួយគ្នាដើម្បីអនុវត្តផែនការសកម្មភាពសម្រាប់ការរួមគ្នាកសាងសហគមន៍វាសនារួម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រទេសចិនដែលតែងតែគាំទ្រកម្ពុជាក្នុងមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន និងការផ្តល់នូវជំនួយយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ ឯកឧត្តមបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ក្នុងការរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ដើម្បីរំលឹកខួបលើកទី១០០ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះនរោត្តម សីហនុ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីសកម្មភាពនានាដើម្បី រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំក្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមទីប្រឹក្សារដ្ឋ វ៉ាង យី បានពិភាក្សាអំពីការវិវត្តនាពេលថ្មីៗនេះនៅច្រកសមុទ្រតៃវ៉ាន់ ដែលក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការព្រួយបារម្ភ និងបានគូសបញ្ជាក់អំពីជំហរឥតងាករេ និងរឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» និងចាត់ទុកបញ្ហានានាពាក់ព័ន្ធទៅនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុង និងក្រោមសិទ្ធិអធិបតេយ្យភាពរបស់សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមទីប្រឹក្សារដ្ឋ វ៉ាង យី ក៏បានផ្លាស់ប្តូរទស្សនៈ និងការវាយតម្លៃលើវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខកចិត្តរបស់កម្ពុជាចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដែលបានជះឥទ្ធិពល ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកប្រក្រតីភាពវិញ។
ឯកឧត្ដមទីប្រឹក្សារដ្ឋ វ៉ាង យី បានថ្លែងអំណរគុណយ៉ាងខ្លាំង និងបានគូសបញ្ជាក់អំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើការស្វែងរកដំណោះស្រាយវិបត្តិមីយ៉ាន់ម៉ានេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមទីប្រឹក្សារដ្ឋ វ៉ាង យី ក៏បានផ្លាស់ប្តូរទស្សនៈ និងកិច្ចពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងទៀត ដែលជាកង្វល់រួមផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក៕