កម្ពុជា សហភាពអឺរ៉ុប ប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ចូសេព បូរ៉េល វុនតេលេស (Josep Borrell Fontelles) តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានប្តេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី នៅក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌ ដែលរៀបចំកម្ពុជា។
អំពីទំនាក់ទំនងទ្វេភាគី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម បូរ៉េល បានសម្តែងនូវសេចក្តីរីករាយចំពោះការរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិបត្តិការ និងបានពិភាក្សាអំពីមធ្យោបាយនានាដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជា ដើម្បីជំរុញបន្ថែមទៀតនូវពាណិជ្ជកម្ម និងការវិនិយោគ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា សហភាពអឺរ៉ុបមិនត្រឹមតែជាម្ចាស់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដៃគូល្អទាំងក្នុងផ្នែកនយោបាយ និងសេដ្ឋកិច្ច និងបានថ្លែងអំណរគុណយ៉ាងស្មោះត្រង់ចំពោះសហភាពអឺរ៉ុប និងប្រទេសជាសមាជិក សម្រាប់ការបន្តគាំទ្រ និងជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម បូរ៉េល ក៏បានរំលឹកឡើងវិញផងដែរអំពីភាពជោគជ័យនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១១ ដែលបានប្រព្រឹត្តទៅកាលពីដើមឆ្នាំនេះនៅរាជធានីភ្នំពេញ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយការភ័ន្តច្រលំអំពីគ្នា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន ឯកឧត្តម បូរ៉េល អំពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជាលើផ្នែកលទ្ធិប្រជាធិបតេយ្យ ជាពិសេស ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីដើមខែមិថុនាឆ្នាំនេះ ដែលបានដំណើរការដោយសេរី យុត្តិធម៌ និងតម្លាភាព ជាមួយនឹងអត្រាអ្នកទៅបោះឆ្នោតច្រើនជាង៨០% និងមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចំនួន ១៧គណបក្ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តម បូរ៉េល ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗផងដែរ។
ក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តម បូរ៉េល បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះកម្ពុជា ដែលបានអញ្ជើញ ឯកឧត្តម ឆាល មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប ចូលរួមក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឋានៈជាភ្ញៀវរបស់ប្រធានអាស៊ាន ឆ្នាំ២០២២។
ភាគីទាំងពីរក៏បានរំពឹងដល់កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន- សហភាពអឺរ៉ុប នៅថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំនេះជាមួយនិងតំណាងសហភាពអឺរ៉ុប៕