ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រំឭកពីចំណងមិត្តភាព កិច្ចសហការដ៏ល្អ និងអរគុណវៀតណាម ដែលតែងជួយឧបត្ថម្ភគាំទ្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈ ជួបការលំបាក
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានរំឭកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក។
នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
លើសពីនេះ ឯកឧត្តម ក៏បានកត់សម្គាល់អំពីការរីកចម្រើន គួរឱ្យកត់សម្គាល់នៃលទ្ធផល កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងវិស័យយោធា និងសន្តិសុខ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។
ជារួម សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ ដែលកងទ័ពនៃប្រទេសទាំងពីរសម្រេចបានកន្លងមក ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក ដែលពិតជាបាន ហើយក៏នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ៕