ក្នុងកាលៈទេសៈពិភពលោក កំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារកូវីដ១៩ កម្ពុជា-វៀតណាម កាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានលេីកឡេីងថា ស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំងពីរកាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នា តាមរយៈ ការជួបសន្ទនាគ្នាតាមទូរសព្ទ័ តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជាច្រើនលើក ដើម្បីសួរសុខទុក្ខគ្នា និងការគាំទ្រគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ។
ការបញ្ជាក់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បែបនេះ ធ្វេីឡេីងក្នុងឱកាសទទួលជួបជាមួយគណៈប្រតិភូគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែលដឹកនាំដោយ ឯកឧត្តម ផាម តឹត ថាំង (PHAM TAT THANG) សមាជិកមជ្ឈិមបក្ស និងជាអនុប្រធានប្រចាំការគណៈចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ។