ឯកឧត្ដម ហ៊ុន ម៉ានី៖ ការធ្វើនយោបាយ តាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទ
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា ការធ្វើនយោបាយ ជាពិសេសតាមរយៈការផ្សព្វផ្សាយត្រូវធ្វើជាមួយប្រជាសាស្ត្រផង ភូមិសាស្ត្រផង និងស្របជាមួយបរិបទផង។
តាមរយៈហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានីបានឲ្យដឹងថា ក្នុងបរិបទនៃការវិវឌ្ឍជាប្រចាំនៃកិច្ចការព័ត៌មាន និងបច្ចេកវិទ្យា សូមសមាជិក សមាជិកាគណបក្សទាំងអស់ ចេះសម្រួច និងស្វែងរកវិធីសាស្ត្រនៃការរៀបចំខ្លឹមសារពិត ទាក់ទាញ ស្របជាមួយតម្រូវការរបស់ប្រជាជន និងចំក្រុមគោលដៅ ហើយដែលជាព័ត៌មានដែលមានហេតុ មានផល មានប្រយោជន៍ដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរៀងៗខ្លួន។
ឯកឧត្ដម បញ្ជាក់ថា ទាំងនេះនឹងអាចចូលរួមលុបបំបាត់ព័ត៌មានមិនពិត ព័ត៌មានទុច្ចរិតនានា ក្នុងគោលបំណងញុះញង់ បំបែកបំបាក់សាមគ្គីឯកភាពជាតិ ដែលនឹងអាចបង្កឲ្យមានភាពច្របូលច្របល់ក្នុងសង្គម៕