លោកជំទាវម៉ែន សំអន៖ ធ្វើជាមន្រ្តីល្អរបស់គណបក្ស គឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ និងមានអត្តចរិត សីលធម៌ល្អប្រពៃ
ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ធ្វើជាមន្រ្តីដ៏ល្អរបស់គណបក្ស គឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ និងមានអត្តចរិត សីលធម៌ល្អប្រពៃ។
លោកជំទាវមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី ៦៩ នៅវិមាន ៧មករា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ លើកឡើងថា តាមរយ:នៃការធ្វើជាមន្រ្តីដ៏ល្អប្រពៃរបស់ គណបក្ស គឺត្រូវមានទាំងសមត្ថភាព ទាំងគុណធម៌ មានគុណធម៌ គឺមានអត្តចរិត សីលធម៌ល្អប្រពៃ ស្របនឹងលក្ខន្តិកៈគណបក្ស ហេតុនេះទើបគណបក្សបានរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងន័យពង្រឹង និងបង្កើនសមត្ថភាពមន្រ្តីគណបក្ស ហើយសិក្ខាកាមដែលបានឆ្លងកាត់វគ្គអប់រំនយោបាយ របស់គណបក្ស មិនគ្រាន់តែជាកម្លាំងដ៏សកម្មក្នុងការកសាង និងការពារមាតុភូមិបច្ចុប្បន្ននេះប៉ុណ្ណោះទេ តែក៏ជាកម្លាំងបន្តវេន ដើម្បីរក្សាការពារនូវបុព្វហេតុដ៏ឧត្តុង្គឧត្តមរបស់គណបក្សនាពេលអនាគតថែមទៀត ។
ជាមួយគ្នានោះ លោកជំទាវក៏បានសំណូមពរឲ្យសិក្ខាកាមទាំងអស់ត្រូវគោរពពេលម៉ោងសិក្សា និងត្រងត្រាប់ស្តាប់នូវការ ចែករំលែកនូវបទពិសោធន៍របស់គ្រូឧទ្ទេសនាម សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ ធ្វើការផ្សព្វផ្សាយបន្ត៕