ឧត្តមសេនីយ៍ត្រី ហួម ខ្វែក៖ នាយទាហានបានទទួលការផ្លាស់ប្តូរតែងតាំងមុខងារថ្មី និងបំពាក់ឋានន្តរសក្តិ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែកក្កដា ផ្សព្វផ្សាយផែនការការសកម្មភាពការងារយោធាសន្តិសុខខែសីហា ឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្តិ ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារថ្មីជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការប្រចាំទិស លោក លោកស្រី មេបញ្ជាការរង លោកនាយសេនាធិការរង នាយ នាយរង ការិយាល័យ ផ្នែក ព្រមទាំងនាយទាហាន-ពលទាហានជាច្រើនរូប នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការ បានមានប្រសាសន៍ថាថ្ងៃនេះជាមោទនភាពរបស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ដោយបានការផ្តល់ទំនុកចិត្តពី ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ដែលបានតែងតាំងផ្លាស់ប្តូរមុខងារជូននាយទាហាន នាទាហានរងចំនួន ១១នាក់ និងបំពាក់ឋានន្តរសក្តិជូននាយទាហានរង និងពលទាហានចំនួន ២៦នាក់ផងដែរ។
លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ បានចូលរួមអបអរសាទរចំពោះនាយទាហាន-ពលទាហាន ដែលត្រូវបានថ្នាក់លើផ្តល់ឋានន្តរសក្តិ និងតែងតាំងប្រគល់មុខងារថ្មីនាពេលនេះ ហើយលោកបានថ្លែងបន្តថាបន្ទាប់ពីការផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំរួចហើយ សូមអស់លោកត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទី ភារកិច្ច និងគោរពតាមការណែនាំ និងបទបញ្ជារបស់ថ្នាក់លើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិ និងប្រជាជន ជាពិសេសត្រូវស្មោះត្រង់ចំពោះព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ជាទីបញ្ចប់លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺអុតស្វា ព្រមទាំងគោរពនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ ៣ការពារ និង៣កុំ ជាប់ជាប្រចាំផងដែរ៕