បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដោយម្នាក់ជំនាញខាងឆបោក និងម្នាក់ទៀតជំនាញខាងឆក់
ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាបដោយម្នាក់ជំនាញខាងឆបោក និងម្នាក់ទៀតជំនាញខាងឆក់។
អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ៖
១.ជនសង្ស័យឈ្មោះ សុខ ហេង ហៅ វង្ស នីហា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតខេត្តកំពត ទីលំនៅបច្ចុប្បន្នបន្ទប់ជួល ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ ត្រូវកម្លាំង អាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីឆបោក ដោយបានប្រើល្បិច ទូរស័ព្ទទៅបញ្ជាទិញទូរទស្សន៍0១គ្រឿង ម៉ាក អិលជី ទំហំ៤៣អ៊ិញ តម្លៃ ៣៤៥ដុល្លារ ហើយខ្លួនបានឲ្យ អ្នកលក់ដឹកយកមកឲ្យនៅចំណុច ផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលអ្នកលក់ដឹកទូរទស្សន៍មកដល់ចំណុចខាងលើហើយ ខ្លួនក៏ឲ្យបក្ខពួកឈ្មោះ និត ហៅ ពើក យកទូរទស្សន៍ដាក់លើម៉ូតូកង់បី រួចក៏ជិះចេញទៅ ហើយខ្លួនក៏ឲ្យអ្នកដឹកទូរទស្សន៍ ឡើងទៅយកលុយនៅលើផ្សារស្ទឹងមានជ័យថ្មី ជាន់ទីបី លុះពេលឡើងដល់ជាន់ទីមួយ ខ្លួនបានដោះអាវក្រៅចេញ បម្រុងរត់គេចខ្លួន តែត្រូវអ្នកលក់ទូរទស្សន៍ដឹងមុន ក៏ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអាវុធហត្ថ ឃាត់រូបខ្លួនតែម្តង។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។
២.ជនសង្ស័យឈ្មោះ ង៉ែត ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើត រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបាន កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់កាបូប និងបានចាប់យកវត្ថុតាង កាបូបដៃចំនួន១ ក្នុងនោះមានសម្ភារៈ និងថវិកា មួយចំនួនប្រគល់ជូនម្ចាស់ដើមវិញផងដែរ។ ជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ នៅចំណុចបុរីពិភពថ្មី ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយពីឆក់បានសម្រេចបានជិះគេចខ្លួនទៅបន្ទប់ជួលវិញ លុះក្រោយមក ខណៈដែលជនសង្ស័យកំពុងអង្គុយមុខបន្ទប់ជួល ក៏ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថធ្វើការស្រាវជ្រាវចុះទៅឃាត់ខ្លួនដល់ផ្ទះតែម្តង។
ជនសង្ស័យបានសារភាពបន្ថែមថា កន្លងមកខ្លួនក៏ជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទដៃចំនួន២លើក គឺនៅចំណុចផ្លូវជាតិលេខ៣ និង ទល់មុខក្លោងទ្វាវត្តគោកបញ្ជាន់ ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យផងដែរ៕