ឯកឧត្ដម វង សូត ជម្រុញឲ្យក្រុមការងារទាំងអស់ ដែលចុះជួយមូលដ្ឋាន ត្រូវតែបន្តបេសកម្មរបស់ខ្លួនឲ្យល្អ និងថែររក្សាសំលេងឆ្នោត
ភ្នំពេញ៖ ឯកឧត្ដម វង សូត ជម្រុញដល់ក្រុមការងារទាំងអស់ដែលចុះជួយមូលដ្ឋាន ត្រូវតែបន្តបេសកម្មរបស់ខ្លួនឲ្យល្អ និងថែររក្សាសំលេងឆ្នោត ដែលទទួលបានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
ការថ្លែងបែបនេះរបស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង អញ្ជើញ ចូលរួមប្រជុំផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ។
ឯកឧត្ដម វង សូត បានណែនាំ ដល់សមាជិកសមាជិកា និងជាពិសេសនោះក្រុមការងារដែលជួយតាមមូលដ្ឋានដែលដាក់ជូន ធ្វើយ៉ាងណាពង្រឹងស្មារតី សាមគ្គីភាពគ្នា និងបំពេញតួនាទីឲ្យបានល្អប្រសើរស្របតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ក្រោយពីទទួលបានលទ្ធផលដ៍ល្អកាលពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ ពោលគឺពលរដ្ឋគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប នេះដោយសារការដឹកនាំរបស់បក្សប្រជាជកម្ពុជា បំរើរាស្ត្រពិតៗ ដើម្បីអភិវឌ្ឍន៍ ឲ្យមូលដ្ឋានរីកចម្រើននិងជឿនលឿនបន្តទៀត។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម វង សូត ក៍បានជម្រុញដល់ក្រូមការងារដែលប្តូរសមាសភាព បន្តបេសកម្មរបស់ខ្លួនឲ្យបានល្អ និងថែរក្សាសំលេងគាំទ្រពលរដ្ឋមកលើគណបក្ស ដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ៕