ការរញ្ជួយដីកម្រិត ៧.៦ ដ៏ធំបានវាយប្រហារប្រទេសប៉ាពួញូហ្គីណេ
ប៉ាពួញូហ្គីណេ៖ការរញ្ជួយដីកម្រិត ៧.៦ ដ៏ធំបានវាយប្រហារប្រទេស Papua New Guinea កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមានការរអិលបាក់ដី បំបែកផ្លូវ និងអគារខូចខាត។
ខណៈពេលដែលទំហំនៃការខូចខាតនៅតែមិនច្បាស់លាស់ រូបថតបង្ហាញពីកំទេចកំទីដែលរាយប៉ាយពេញផ្លូវហាយវេ និងស្នាមប្រេះនៅតាមផ្លូវ។
ការរញ្ជួយដីនេះបានវាយប្រហារនៅជម្រៅ ៩០ គីឡូម៉ែត្រ (ប្រហែល ៥៦ម៉ាយ) ក្បែរទីក្រុង Kainantu ដែលជាទីក្រុងដែលមានប្រជាជនប្រហែល ៨,៥០០នាក់ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិកបានរាយការណ៍។
កំទេចកំទីនៅពាសពេញផ្លូវហាយវេមួយបន្ទាប់ពីការរអិលបាក់ដីនៅជិតទីក្រុង Kainantu បន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៦ រិចទ័រនៅភាគឦសានប្រទេស Papua New Guinea កាលពីថ្ងៃអាទិត្យ ទី ១១ខែកញ្ញា ឆ្នាំ ២០២២។
រ៉យទ័របានរាយការណ៍ថា មិនមានរបាយការណ៍អំពីការស្លាប់ និងមិនមានការបញ្ជាក់ជាផ្លូវការអំពីការខូចខាតដែលបង្កឡើងនោះទេ ប៉ុន្តែអ្នកស្រុកបានបង្ហោះរូបភាពនៃផ្លូវដែលប្រេះបែក រថយន្ដដែលរងការខូចខាត និងរបស់របរធ្លាក់ពីលើធ្នើរផ្សារទំនើប។
មជ្ឈមណ្ឌល ព្រមាន រលក យក្ស ស៊ូណាមិ ជាតិ អាមេរិក បាន និយាយ ថា គ្មាន ការ គំរាមកំហែង នៃ រលក យក្ស ស៊ូណាមិ ទេ។ កាលពីដើមថ្ងៃនោះ វាត្រូវបានគេនិយាយថា រលកយក្សស៊ូណាមិដែលមានគ្រោះថ្នាក់អាចកើតមានក្នុងចម្ងាយ ១,០០០ គីឡូម៉ែត្រ (ប្រហែល ៦២១ ម៉ាយ) តាមបណ្តោយឆ្នេរសមុទ្រប៉ាពួញូហ្គីណេ និងឥណ្ឌូនេស៊ី។