វេទិកាថាមពលអាស៊ីបូព៌ា លើកទី៥ ក្រោមមូលបទ “បញ្ហាប្រឈមអាស៊ាន ស្តីពីអព្យាក្រឹត្យភាពកាបូន និងសន្តិសុខថាមពល”
ភ្នំពេញ៖ ថ្លែងក្នុងវេទិកាថាមពលអាស៊ីបូព៌ា នាថ្ងៃទី១២ កញ្ញា ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបង្ហាញសុទិដ្ឋិនិយមថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងក្នុងនិងក្រៅតំបន់ គឺជាការផ្តល់អាទិភាព និងលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យាទំនើប ដែលនឹងធ្វើឱ្យការផ្គត់ផ្គង់ ថាមពលមួយដែលគ្រប់គ្រាន់ មាននិរន្តភាព ស្ថិរភាព និងតម្លៃសមរម្យក្នុងតំបន់។
វេទិកាខាងលើ ត្រូវបានសហការរៀបចំ ដោយក្រសួងរ៉ែនិងថាមពល និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៉ីបូព៌ា (ERIA) ដោយមានការចូលរួមពី ភាគីពាក់ព័ន្ធជាច្រើនរួមមាន ឯកឧត្តមរដ្ឋមន្រ្តីថាមពលអាស៊ាន និងអាស៊ីបូព៌ា ឯកឧត្តមអគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំគោលនយោបាយថាមពល តំណាងស្ថាប័នរដ្ឋនិងឯកជន ស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នស្រាវជ្រាវលើការងារ អព្យាក្រឹត្យភាពកាបូន ដើម្បីចែករំលែកចំណេះដឹង គោលនយោបាយអភិវឌ្ឍន៍ថាមពល បច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធ នឹងថាមពលកកើតឡើងវិញ។ល។